(ព្រះសីហនុ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា លោកបានបញ្ជូនក្រុមគ្រូពេទ្យជំនាញភ្លាមៗចំនួន៣ក្រុម និងឱសថ, បរិក្ខាពេទ្យ ទៅកាន់ក្រុងព្រះសីហនុ ដើម្បីជួយពិនិត្យ និងព្យាបាលជនរងគ្រោះដោយសារបាក់រលំអគារកម្ពស់។
លោករដ្ឋមន្រ្តីសុខាភិបាល បានបញ្ជាក់ថា ក្រុមគ្រូពេទ្យចំនួន៣ក្រុម ពីមន្ទីរពេទ្យលោកសង្ឃ ខេត្តកំពង់ស្ពឺ និងខេត្តកំពត រួមជាមួយថ្នាំសង្កូវ ត្រូវបានបញ្ជូនឲ្យទៅកាន់ក្រុងព្រះសីហនុភ្លាមៗ ដើម្បីពិនិត្យ និងជួយសង្គ្រោះជនរងគ្រោះទាំងដែលរងគ្រោះដោយសារបាក់រលំអគារទាំងនេះ។
នៅរសៀលថ្ងៃនេះរដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយទៀតដោយបញ្ជាក់ថា ករណីបាក់រលំអគារនៅព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលកំពុងដំណើរការសាងសង់កម្ពស់៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅពេលនេះមានអ្នកស្លាប់៧នាក់ និងអ្នករងរបួសកើនដល់២១នាក់ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តជួយសង្រ្គោះអ្នកជាប់ក្នុងគំនរអគារ។
រដ្ឋបាលខេត្តបានបញ្ជាក់ថា «រហូតមកទល់នឹងម៉ោង ១៤រសៀលនេះ បានបណ្តាលឱ្យមនុស្សចំនួន ៧នាក់ ស្លាប់ (ស្រ្តីម្នាក់ និងរបួសចំនួន ២១នាក់។ ក្រុមការងារសង្គ្រោះបន្ទាន់របស់រដ្ឋបាល ខេត្តព្រះសីហនុ ដោយមានការចូលរួមសហការពីភាគីពាក់ ព័ន្ធនានាបាននិងកំពុងបន្តការជួយសង្គ្រោះជនរងគ្រោះបន្តទៀត ដែលកំពុងតែជាប់នៅក្នុងអគារដួលរលំនេះ។
រដ្ឋបាលខេត្ពព្រះសីហនុ រួមជាមួយក្រុមគ្រូពេទ្យជំនាញៗ បាននិងកំពុងផ្តល់នូវការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតចំពោះអ្នករងរបួស និងចាត់ចែងគាំទ្រចំពោះអ្នកដែលស្លាប់បាត់បង់ជីវិត ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំពោះជនរងគ្រោះដែលបាត់បង់ជីវិត រដ្ឋបាលខេត្តបានរៀបចំជាក្តារមឈូស និងថវិកា២លានរៀល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ចូលរួមថវិកា បន្ថែម ៥០ម៉ឺនរៀល ជូនគ្រួសារសពនីមួយៗ ហើយអជ្ញាធរបាន និងធ្វើការទំនាក់ទំនងគ្រសារសពដើម្បីដឹកសពទៅជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី។
ក្នុងករណីក្រុមគ្រួសារចង់រៀបចំពិធី បុណ្យសពនៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តនឹងរៀបចំពិធីបុណ្យសពរួមនៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងអ្នករងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ។
សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនមនុស្ស៤នាក់យកទៅសួរនាំ ក្នុងនោះមានម្នាក់ជាថៅកែម៉ៅការសំណង់ និង៣នាក់ទៀតជាអ្នកពាក់ព័ន្ធ។
ទីតាំងសំណង់អគារនេះមានទំហំទទឹង១៥ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ និងកំពុងដំណើរការសាងសង់ បានប្រមាណ៧០ ទៅ៨០ភាគរយ។ បច្ចុប្បន្នក្រុមការងារកំពុងបន្ដសង្គ្រោះ ជនរងគ្រោះបន្ថែមទៀត ដែលគេសង្ស័យថា កំពុងស្ថិតនៅក្នុងគំនរអគារនោះ។
អាជ្ញាធរខេត្តបញ្ជាក់ទៀតថា ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ៕