(ភ្នំពេញ)៖ បន្ទាប់ពីស្ថានភាពអ្នកជំងឺមកសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋកាន់តែមានចំនួនច្រើនឡើងពីមួយឆ្នាំៗ ដើម្បីធានាបានសមត្ថភាពជំនាញខ្ពស់ និងប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានចុះពិនិត្យពីស្ថានភាពការងាររបស់មន្ដ្រីក្រុមការងារ ទូទាំងប្រទេស ទាំងនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅតាមព្រំដែន និងតំបន់ដាច់ស្រយាល។
ជាពិសេស ដោយករណីកើនឡើង នៃជំងឺគ្រុនឈាម កាន់តែបន្ដកើនឡើងក្នុងរដូវវស្សា ប៉ុន្មានថ្ងៃមកនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដចុះពិនិត្យស្ថានភាពការងារ នៅតាមមន្ទីរពេទ្យ រួមមាន មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា វត្ដភ្នំ រួមទាំងចាត់ឱ្យមន្ដ្រីរបស់ខ្លួន បន្ដចុះពិនិត្យនៅតាមមន្ទីរពេទ្យបន្ថែម ដើម្បីស្វែងយល់ពីតំរូវការរបស់មន្ទីរពេទ្យ ទៅលើសម្ភារ ឱសថ បរិកា្ខរពេទ្យ ដើម្បីធានាការព្យាបាលដល់អ្នកជំងឺផុតពីការស្លាប់។
ជាក់ស្ដែងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានចុះមកពិនិត្យស្វែងយល់ពី ស្ថានភាពការងារ និងចំនួនអ្នកជំងឺ ដែលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ -សូវៀត ។
ក្នុងឱកាសនោះ មន្ដ្រីជាន់ខ្ពស់សុខាភិបាលរូបនេះ បានថ្លែងថា «ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដជំរុញដល់មន្ដ្រីក្រុមការងារ ខិតខំប្រឹងប្រែងបំពេញការងារឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីធានាបាននូវសុខសុវត្ថិភាពក្នុងព្យាបាលប្រជាពលរដ្ឋ កាន់តែភាពល្អប្រសើរឡើង »។
ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត បានឱ្យដឹងថា «នៅមន្ទីរពេទ្យរុស្ស៊ីនេះ ក្នុងមួយថ្ងៃ អ្នកពិគ្រោះជំងឺក្រៅ ប្រមាណ១,៥០០នាក់ ក្នុងនោះ១០% ចូលសម្រាកពេទ្យ គ្រែសម្រាកព្យាបាលអ្នកជំងឺមាន ជាង៦០០គ្រែ ជាក់ស្ដែង អ្នកជំងឺមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប្រមាណ៨០០នាក់ ក្នុងមួយខែ ។
លោកវេជ្ជបណ្ឌិតបន្ថែមថា ក្នុងនោះ ករណីមានអ្នកជំងឺដោយគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ មានចំនួនច្រើនក្នុងមួយថ្ងៃៗដែលបានចូលមកសម្រាកព្យាបាលជំងឺយ៉ាងតិច៥ និងច្រើនប្រមាណ២០នាក់។លោកបន្ដថា គ្រូពេទ្យយើងទាំងអស់ គឺបានខិតខំប្រឹងប្រែងណាស់ ដើម្បីសង្គ្រោះអ្នកជំងឺ គ្រប់២៤ម៉ោង ដោយមិនមានការធ្វេសប្រហេសឡើយ»។
ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ បានថ្លែងថា «អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវមានសមត្ថភាពជំនាញ និងសីលធម៌វិជ្ជាជីវៈ ទើបធានាបាននូវគុណភាពសេវា ជូនប្រជាពលរដ្ឋមានភាពល្អប្រសើរ កាលណាតែខ្វះចំនុចណាមួយហើយ អ្នកជំងឺ នឹងមានបញ្ហា»។ ដូច្នេះ ដើម្បីធានាបានសមត្ថភាពជំនាញខ្ពស់ រាជរដ្ឋាភិបាល បានតំរូវ អ្នកណាចង់ចូលរៀនពេទ្យ ត្រូវប្រឡងចូល និងពេលរៀនចប់ ត្រូវឆ្លងកាត់ការប្រឡងថ្នាក់ជាតិនោះ គឺដើម្បីធានាសមត្ថភាព មុនប្រកបវិជ្ជាជីវៈ៕