(ស្វាយរៀង)៖ យ៉ាងហោចណាស់មានមនុស្សពីនាក់ បានរងរបួសព្រមទាំងផ្ទះប្រជាពលរដ្ឋចំនួន ២៣០២ខ្នង បានដួលរលំ និងរបើកដំបូលដោយសារអំណាចខ្យល់កន្ត្រាក់ និងផ្គររន្ទះ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នៅខេត្តស្វាយរៀង។ បើយោងតាមការបញ្ជាក់ពីមន្ត្រីកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដែលភ្នាក់ងារ Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ។

បើតាមន្ត្រីបានឲ្យដឹងថា នៅព្រលប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ មានភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះដែលព័ត៌មានបឋមនោះ បានបណ្តាលឲ្យរលំផ្ទះ ចំនួន២៣០២ខ្នង ក្នុងនោះក៏មានមនុស្សពីរនាក់រងរបួសនៅក្រុងបាវិត ហើយសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពុងចាត់ចែងរៀបចំនាំយកអំណោយសង្គ្រោះបន្ទាន់ ទៅចែកជូនដល់ពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។

មន្ត្រីដដែលបានបញ្ជាក់ថា នៅតាមបណ្តាស្រុក-ក្រុងទាំង៨ នៃខេត្តស្វាយរៀង ស្រុកដែលរងការខូចខាតច្រើនជាងគេ គឺស្រុករមាសហែក ដោយបានរលំផ្ទះ និងរបើកដំបូលរហូតដល់ទៅ ១៩៩១ខ្នង ស្រាល ៨៦៩ខ្នង មធ្យម ១០៣៤ខ្នង និងធ្ងន់៨៨ខ្នង រីឯស្រុកដែលមិនប៉ះពាល់ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់នោះ គឺស្រុកចន្ទ្រា៕