(ភ្នំពេញ)៖ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះជួយក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានចុះជួបសួរសុខទុក្ខចំពោះអ្នករងរបួសនៅក្នុងឧបទ្ទវហេតុបាក់រលំអគារសំណង់ នៅក្នុងខេត្តព្រះសីហនុ។ លោក តឹករ៉េត សំរេច ក៏បានចូលរួមចែករំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងអ្នករងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ។
ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារជនរងគ្រោះជាបឋមលោករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាចំនួន ១លានរៀលដល់អ្នករងរបួស។ ចំណែកអ្នកដែលស្លាប់បាត់បង់ជីវិត បានទទួលប្រាក់ឧបត្ថម្ភចំនួន៤លានរៀល ពីលោកប្រធានក្រុមការងារ លោកតំណាងរាស្ត្រខេត្តព្រះសីហនុ សាលារដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នតុលាការខេត្តព្រះសីហនុ។
ក្រុមការងារសង្គ្រោះបន្ទាន់របស់រដ្ឋបាលសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមសហការពីភាគីពាក់ព័ន្ធនានាបាន និងកំពុងបន្តការជួយសង្គ្រោះជនរងគ្រោះបន្តទៀត ដែលកំពុងតែជាប់នៅក្នុងអគារដួលរលំនេះ។ រដ្ឋបាលសាលាខេត្តព្រះសីហនុ សូមគូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនមនុស្សមួយចំនួនដែលជាប់ពាក់ព័ន្ធ ដោយផ្ទាល់នឹងឧបទ្ទវហេតុបាក់រលំអគារនេះ ដើម្បីសាកសួរព័ត៌មានបន្ថែម ហើយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងធ្វើស៊ើបអង្កេតដើម្បី បញ្ជាក់ពីមូលហេតុពិតប្រាកដនៃការរលំបាក់អគារនេះ។
គិតត្រឹមវេលាម៉ោង ៣រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ជនរងគ្រោះដែលស្លាប់ដោយសារបាក់រលំអគារ កើនឡើងចំនួន ៧នាក់ហើយ ខណៈដែលអ្នករងរបួសមានចំនួន១៨នាក់៕