(ព្រះសីហនុ)៖ មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិចថា គិតត្រឹមវេលាម៉ោង ៣រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ជនរងគ្រោះដែលស្លាប់ដោយសារបាក់រលំអគារ កើនឡើងចំនួន ៧នាក់ហើយ ខណៈដែលអ្នករងរបួសមានចំនួន១៨នាក់។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា នៅពេលនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ បាននិងកំពុងរួមសហការគ្នា បើកប្រតិបត្តិការយ៉ាងញាប់ដៃញាប់ជើង ជួយអន្ដរាគមន៍នៅកន្លែងកើតហេតុ ដោយសារផ្សាដែក និងកាយកម្ទេចថ្មចេញ ដើម្បីទាញយកសាកសពចេញមកក្រៅ។
រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា ករណីបាក់រលំអគារនៅព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលកំពុងដំណើរការសាងសង់កម្ពស់៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា សំណង់អគារនេះមានទំហំទទឹង១៥ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ និងកំពុងដំណើរការសាងសង់ បានប្រមាណ៧០ ទៅ៨០ភាគរយ។ បច្ចុប្បន្នក្រុមការងារកំពុងបន្ដសង្គ្រោះ ជនរងគ្រោះបន្ថែមទៀត ដែលគេសង្ស័យថា កំពុងស្ថិតនៅក្នុងគំនរអគារនោះ។
រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ទៀតថា «បច្ចុប្បន្នថៅកែម៉ៅការសាងសង់ និងអ្នកពាក់ព័ន្ធចំនួន៣នាក់ ត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបន្ដចាត់ការតាមនីតិវិធីច្បាប់»។
អាជ្ញាធរខេត្តបញ្ជាក់ទៀតថា ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ។
សូមជម្រាបថា នៅម៉ោងជិត៥៖០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ៕