(ម៉ាឡេស៉ី)៖ ក្នុងពេលនាំអ្នកសារព័ត៌មានកម្ពុជា២រូប មានអ្នកសារព័ត៌មាន Fresh News និងអ្នកសារព័ត៌មានថ្មីៗ រួមទាំងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត ទៅទស្សនានៅទីក្រុងកូឡាឡាំពួរ មគ្គុទេសក៏ម៉ាឡេស៊ី បាននាំឱ្យស្គាល់នូវសារមន្ទីរតុក្កតាម៉ាឡេស៉ី។
ផ្ទះតាំងរូបតុក្កតា ឬផ្ទះតាំងរូបត្លុកកំប្លែងម៉ាឡេស៉ី (The Malaysia Cartoon and Comic House= MCCH) គឺជាសារមន្ទីរតុក្កតា និងរូបត្លុករបស់ប្រទេសម៉ាឡេស៉ី ដែលជាបណ្ដុំនៃរូបភាពត្លុក តាំងពីឆ្នាំ១៩៣០។ វាត្រូវបានបើកឲ្យដំណើរការ ដោយរដ្ឋាភិបាល ម៉ាឡេស៊ី នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧កន្លងទៅ។
គោលបំណងនៃការបង្កើតសារមន្ទីរនេះឡើង គឺដើម្បីណែនាំ ក៏ដូចជាអបអរសាទរ ដល់សហគ្រិនភាព ឬស្នាដៃដែលត្រូវបានបង្កើតឡើង ដោយអ្នកជំនាញវ័យក្មេង, អ្នកមានសមត្ថភាពពិសេស និងអ្នកគូររូបដ៏ចំណាននានាជាដើម។
MCCH មានតាំងរូបតុក្កតា និងរូបត្លុកប្រមាណជា ៥០០បំណែក ដែលត្រូវបានគូរឡើង ដោយអ្នកគូររូបត្លុកជាង៥០នាក់ តាំងពីឆ្នាំ១៩៣០មកម្លេះ។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ម៉ាឡេស៉ី តាមរយៈក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៉ីប្រចាំកម្ពុជា បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសមួយចំនួន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ Malaysia Mega Familiarisation Tour Programme (MEGA FAM) ក្នុងពិធីបើកការប្រារព្ធពិធីបុណ្យ EID Al-FITR ឆ្នាំ២០១៩។
ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។ អ្នកសារព័ត៌មានកម្ពុជា ត្រូវបានផ្តល់ការធ្វើដំណើរដោយក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines៕