(ភ្នំពេញ)៖ នៅវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «ការបំពុលខ្យល់» ដែលរៀបចំឡើងដោយមន្ទីរបរិស្ថាន ។
កម្មវិធីនេះ បានប្រារព្ធឡើង ក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ជាតំណាង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ហួត ហៃ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី បុគ្គលិក ក្រុមហ៊ុន ប៉េង ហួត គ្រុប សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ អាជ្ញាធរ ប្រមាណជាង ៤០០នាក់។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក អ៊ាង សុផល្លែត រួមជាមួយ លោក ហួត ហៃ បានសំណេះសំណាល និងបំផុសស្មារតីដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង អំពីផលប៉ះពាល់ដែលកើតចេញពីបញ្ហាសំរាម ការបំពុលខ្យល់ និងរួមគ្នាសម្អាតបរិស្ថាន ក្នុងតំបន់ដែលខ្លួនរស់នៅ។
ក្រោយពីបញ្ចប់ការថ្លែងសន្ទរកថារួចមក លោក អ៊ាង សុផល្លែត បានប្រគល់លិខិតថ្លែងអំណរគុណដល់ លោក ចាន់ រដ្ឋា ជំនួយការអគ្គនាយក និងលោកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារ តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានចូលរួមសហការឧបត្ថម្ភជា សម្ភារសិក្សាមួយចំនួនរួមមាន សៀវភៅសរសេរ ប៊ិច ទឹកបរិសុទ្ធ និងធុងសំរាមចំនួន៥០ធុង ដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងទុកដាក់សំរាមឱ្យបានល្អ ទៅដល់សិស្សានុសិស្ស វិទ្យាល័យ ជាស៊ីមជ្រោយចង្វារ។
ក្នុងឱកាសនោះផងដែរ គណៈអធិបតី ព្រមទាំងអ្នកចូលរួមដោយស្ម័គ្រចិត្ត ប្រមាណ៤០០នាក់ បានចូលរួមដាំដើមឈើចំនួន៣០០ដើម ក្នុងបរិវេណវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដើម្បីសោភ័ណភាពស្រស់បំព្រងនៃធម្មជាតិពណ៍បៃតង។
សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធការងារបរិស្ថាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការឧបត្ថម្ភ និងចូលរួម ក្នុងទិវាសំអាតពិភពលោក ធ្វើឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងការកើនឡើងនូវការបោះចោលសំរាមនៅលើផែនដីនេះ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ឆ្នាំមុន ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនេះដែរ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានចូលរួមរៀបចំកម្មវិធីដាំដើមឈើ ចំនួន១៤០០ដើម នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕