(សៀមរាប)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ និងសុខភាពប្រជាពលរដ្ឋ សាខាកាំកុងត្រូលខេត្តសៀមរាបដឹកនាំដោយលោក ព្រៅ ខេមរិទ្ធ ប្រធានសាខា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះអង្កេតទំនិញនៅចំនួនពីរ គឺផ្សារវត្តពោធិ៍ក្រោម និងផ្សារវត្តអទ្វា រឺករក្រាញ់ ដែលមានទីតាំងស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។
លោក ព្រៅ ខេមរិទ្ធ បានឲ្យដឹងថា នៅក្នុងឱកាសចុះត្រួតពិនិត្យទំនិញវេចខ្ចប់ និងផលិតផលម្ហូបអាហារមួយចំនួន ដែលដាក់តាំងលក់ នៅផ្សារវត្តពោធិ៍ក្រោម ស្ថិតនៅភូមិ ពោធិ៍ ស្រុកសៀមរាប ខេត្តសៀមរាប មន្រ្តីយើងបានធ្វើតេស្តបឋមដើម្បីរកសារធាតុគីមីហាមឃាត់មួយចំនួនទៅលើផលិតផលបានចំនួន ៩គំរូ រួមមាន៖ ១. ប្រហុកត្រីកំភ្លាញ ២គំរូ ២, ខ្ញីហ៊ាន់ ៣, សណ្ដែកបណ្ដុះ ៤, មីសរសៃលឿង ៥, ប្រហិតត្រីឡាត ៦, ប្រហិតត្រីចំរុះ ៧, ជ្រក់មម៉ាញលាយសណ្ដែកបណ្តុះ ៨, ជ្រក់ផ្កាស្នោរលាយសណ្ដែកបណ្ដុះ ចំណែកផ្សារផ្សារវត្តអទ្វា រឺករក្រាញ់ ដែលស្ថិតនៅភូមិករក្រាញ់ ស្រុកសៀមរាប ខេត្តសៀមរាប បានធ្វើតេស្តបឋមលើផលិតផលម្ហូបអាហារ ដូចជាសណ្ដែកបណ្ដុះ២គំរូ និងក្រអាវឈូក ដើម្បីរកសារធាតុគីមីហាមឃាត់។។
ជាលទ្ធផល មន្រ្ដីជំនាញពុំបានរកឃើញ សារធាតុគីមីហាមឃាត់ណាមួយ នៅក្នុងគំរូផលិតផលម្ហូបអាហារទាំងនោះ ដាក់លក់នៅផ្សារទាំងពីរឡើយ ។ ចំណែកទំនិញវេចខ្ចប់ និងខូចគុណភាព ដែលដាក់តាំងលក់តាមតូបមួយចំនួនទៀត ដើម្បីមើលកាលបរិច្ឆេទផុតកំណត់ ប្រើប្រាស់ កំប៉ុងកំពិត ច្រេសស៊ី-ល-។ ជាលទ្ធផល មន្រ្ដីជំនាញពុំបានជួបទំនិញខូចគុណភាពណាមួយឡើយ។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារក៏បានចែកផ្សាយរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារទាំងពីរ ដើម្បីឲ្យពួកគាត់បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការ បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីក្នុងម្ហូបអាហារ៕