(កំពង់ស្ពឺ)៖ ជាការឆ្លើយតប ទៅនឹងកិច្ចប្រជុំ រវាងក្រសួងកសិកម្មកម្ពុជា និងអគ្គរដ្ឋបាលគយចិន ស្តីពីកិច្ចសហប្រតិបត្តិការ ជំរុញដំណើរការភូតគាមអនាម័យ សម្រាប់ការនាំចេញផែ្លស្វាយកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យពីស្ថានភាពដំណើរការ នៃខ្សែសង្វាក់ផលិតកម្មដំណាំស្វាយ រួមមាន ការដាំដុះលក្ខណៈគ្រួសារ សហគមន៍ និងឧស្សាហកម្ម ព្រមទាំងរោងចក្រកែច្នៃ និងរោងចក្រ ដែលមានធ្វើប្រព្រឹត្តកម្ម ចំហាយក្តៅ (Vapor Heat Treatment) ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សម្រាប់ជាមូលដ្ឋាន ក្នុងការវាយតម្លៃពីសមត្ថភាព ចំណុចខ្វះខាត និងឈានទៅជំរុញការអនុវត្ត ឲ្យសមស្របទៅនឹងលក្ខខណ្ឌតម្រូវរបស់ភាគីចិន ដើម្បីភាគីទាំងពីរ អាចចុះពិធីសារស្តីពីការនាំស្វាយចេញ ទៅកាន់ទីផ្សារចិន​ជាផ្លូវការ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្នផ្ទៃដីដាំដុះដំណាំស្វាយ នៅទូទាំងប្រទេសកម្ពុជា មានចំនួន ១០៥,៣០០.៧៥ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៨០,១៧១ហិកតា និងទិន្នផលជាមធ្យមទទួលបាន ១៥.២០តោន /ហិកតា/រដូវ ឬ ១,២១៨,៥៩៩ តោន/រដូវ។ ដោយឃើញពីសក្តានុពល នៃការនាំចេញផ្លែស្វាយកម្ពុជានោះ អគ្គនាយកដ្ឋានកសិកម្ម បានចាប់ផ្តើមចរចាបើកទីផ្សារ ជាមួយប្រទេសនានា រួមមាន ៖

* ប្រទេសកូរ៉េ៖ បានសម្រេចតាំងពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ប៉ុន្តែកង្វះខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តម៉ាស៊ីនកម្ចាត់រុយចោះផ្លែដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment-VHT) គ្រប់គ្រងហានិភ័យ ដែលមិនអាចនាំចេញបានភ្លាមៗ។

ទើបតែថ្មីៗនេះ ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd បានបញ្ចប់ការតម្លើងម៉ាស៊ីនកម្ចាត់រុយចោះផ្លែ ដោយប្រើចំហាយទឹកក្តៅរួចរាល់ហើយ កាលពីថ្ងៃទី២៥-២៩ ខែមីនា ឆ្នាំ២០១៩ មន្រ្តីជំនាញ នៃទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េ (Animal and Plant Quarantine Agency - APQA) ក៏បានចុះវាយតម្លៃកសិដ្ឋានចម្ការស្វាយ និងកន្លែងធ្វើប្រព្រឹត្តិកម្មអនាម័យ សម្លាប់សមាសភាពចង្រៃ ដោយចំហាយទឹកក្តៅ ដើម្បីនាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េ របស់ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd។

ចំពោះលទ្ធផល នៃការចុះត្រួតពិនិត្យនេះ នឹងផ្ញើជូនភាគីកម្ពុជាវិញ បន្ទាប់ពីមានការសម្រេចជាផ្លូវការ ពីថ្នាក់ដឹកនាំ APQA។ តាមការរំពឹងទុក ក្រុមហ៊ុន មានផែនការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកូរ៉េលើកទី១ ក្នុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

* ប្រទេសថៃ៖ ការនាំចេញស្វាយ អាចប្រព្រឺត្តទៅបានតាំងពីឆ្នាំ២០១៦ បន្ទាប់ចរចាបើកទីផ្សាររួច
* ប្រទេសវៀតណាម៖ ការនាំចេញស្វាយ អាចប្រព្រឺត្តទៅបានតាំងពីឆ្នាំ២០១៥ បន្ទាប់ពីមានការចរចាទ្វេភាគី រវាងអង្គភាពជាតិការពាររុក្ខជាតិ (NPPO) កម្ពុជា ជាមួយ NPPO វៀតណាម។

ដោយឡែក ចេក និងស្រកានាគ ក៏អាចនាំចេញទៅប្រទេសវៀតណាមបានផងដែរ បន្ទាប់ពីការបើកទីផ្សារចូលជាធរមាន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ បាននិងកំពុងរៀបចំសេចក្តីព្រាងលក្ខខណ្ឌតម្រូវភូតគាម អនាម័យដើម្បីនាំចេញផ្លែឈើទាំង០៨មុខ (ក្រូចថ្លុង មៀន សាវម៉ាវ ខ្នុរ ក្រូចលឿង ត្របែក ទៀប និងក្រូចខ្វិច) ពីកម្ពុជាទៅកាន់ប្រទេសវៀតណាមបន្តទៀត។

* ប្រទេសជប៉ុន៖ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម និងនាយកដ្ឋានការពារដំណាំជប៉ុន បានចាប់ផ្តើមដំណើរការចរចារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ
សម្រាប់ការនាំចេញផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសជប៉ុន ប៉ុន្តែអស់រយៈពេល១ឆ្នាំហើយ នៅមិនទាន់មានការឆ្លើយតប ពីភាគីជប៉ុននៅឡើយទេ ពីបញ្ហានេះ

* នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក៏បានរៀបចំគម្រោងស្នើសុំការជួយពី U.S. Department of Agriculture (USDA) and the U.S. Agency for International Development (USAID) សម្រាប់ជួយដល់ការចរចារទីផ្សារស្វាយកម្ពុជាទៅកាន់ សហរដ្ឋអាមេរិកផងដែរ។

* ប្រទេសចិន៖ កំពុងស្ថិតក្នុងដំណាក់កាល អ្នកបច្ចេកទេសរវាងប្រទេសទាំងពីរពិនិត្យ និងពិភាក្សាលើ សមាសភាពចង្រៃដែលភាគីចិន បានកំណត់ចំនួន០៨ប្រភេទលើដំណាំស្វាយ។

បន្ទាប់ពីបានចុះពិនិត្យ នូវខ្សែសង្វាក់ផលិតកម្មដំណាំស្វាយរួចមក លោករដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា កសិករ និងសហគមន៍ស្វាយ ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជា
១៖ ខ្វះទុនសម្រាប់វិនិយោគបន្ថែម
២៖ ខ្វះបច្ចេកទេសគាំទ្រ (ថែទាំ ប្រមូលផល និងទុកដាក់)
៣៖ ខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ (ប្រព័ន្ធស្រោចស្រព និងឃ្លាំងទុកដាក់លក្ខណៈស្តង់ដារ)
៤៖ និងយន្តការទីផ្សារ។

ដោយឡែក ក្រុមហ៊ុន ម៉ៅលីហ្គាស៊ី សហការជាមួយក្រុមហ៊ុន Hyundai Agro បាននិងកំពុងបោះទុនវិនិយោគ លើការលាងសម្អាត សម្លាប់មេរោគដោយធ្វើប្រព្រឹត្តកម្ម ដោយចំហាយក្តៅ លក្ខណៈស្តង់ដារអន្តរជាតិ និងវេចខ្ចប់កម្រិតខ្ពស់ ហើយគ្រោងនឹងនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េ ក្នុងឆ្នាំ២០១៩នេះ។

ក្រុមហ៊ុន ក៏មានគម្រោងបន្ថែមទុនវិនិយោគមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ថែទាំ ប្រមូលផល និងទុកដាក់ លក្ខណៈស្តង់ដារ ដល់កសិករ និងសហគមន៍ស្វាយ ដែលមានបំណងធ្វើការនាំចេញ ដោយសហការ ផ្គត់ផ្គង់មកក្រុមហ៊ុន។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានស្នើឲ្យអគ្គនាយកដ្ឋានកសិកម្ម គាំទ្រផ្នែកបច្ចេកទេសក្នុងការបណ្តុះបណ្តាលកសិករ និងបង្កើតមន្ទីរពិសោធន៍ នៅក្នុងទីតាំងក្រុមហ៊ុន ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការត្រួតពិនិត្យ និងនាំចេញទាន់ពេលវេលា។

លើសពីនេះ រោងចក្រកែច្នៃ និងផលិតដំណាប់ស្វាយ របស់ ក្រុមហ៊ុន បឹងកេត ផ្លេនធីង និងអ៉ីនដាសស្ទ្រៀល ឯ.ក ក៏បានចូលរួមចំណែកក្នុងការស្រូបយក ផលិតផលស្វាយស្រស់ប្រមាណជាង១៦,០០០តោន ក្នុងឆ្នាំ២០១៨ និងគ្រោងពង្រីកដល់ជិត ៥០,០០០ ក្នុងឆ្នាំ២០២០។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ក៏បានណែនាំដល់សហការី ខិតខំគៀងករគម្រោងជំនួយឧបត្ថម្ភពីដៃគូអភិវឌ្ឍ ដើម្បីដោះស្រាយនូវបញ្ហា និងសំណូមពររបស់ប្រជាកសិករ និងសហគមន៍ ដើម្បីជួយដល់គាំទ្រ ដល់ដំណើរការខ្សែសង្វាក់ផលិតកម្មស្វាយនៅកម្ពុជា មានភាពសមស្របទៅនឹងតម្រូវការទីផ្សារអន្តរជាតិ៕