(ភ្នំពេញ)៖ ទីភ្នាក់ព័ត៌មានបារាំង CFI សហការជាមួយសារព័ត៌មាន Thmeythmey ( ថ្មីៗ ) នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានអាជីព ដែលមានបទពិសោធន៍ការងារជាច្រើនឆ្នាំចំនួន ៨នាក់ មកពីស្ថាប័នផ្សេងៗគ្នា ដើម្បីបណ្តុះបណ្តាលគ្រូបង្គោលជំនាញសរសេរព័ត៌មានបរិស្ថានប្រចាំតំបន់មេគង្គ ដែលប្រព្រឹត្តទៅក្នុងក្រុមហ៊ុនរថយន្ត Mercedes-Benz ស្ថិតនៅតាមបណ្តោយមហាវិថី ៦០ម៉ែត្រ។
ពិធីនេះដែលធ្វើឱ្យឡើងដោយមានការចូលរួមពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក Pierre Gillette សាស្ត្រាចារ្យសារព័ត៌មាន នៃវគ្គបណ្តុះបណ្តាល ក្នុងគម្រោង Mekong: Sustainable News រួមទាំងអ្នកសារព័ត៌មានឆ្នើមៗជាច្រើនរូបផងដែរ។
លោក នេត្រ ភក្រ្តា បានថ្លែងថា វគ្គបណ្តុះបណ្តាល គ្រូបង្គោលឆ្នើម៨នាក់ផ្នែកព័ត៌មានបរិស្ថានប្រចាំតំបន់មេគង្គ ដែលមានរយៈពេល១០០ម៉ោងនេះ គឺពិតជាមានសារសំខាន់ណាស់ ហើយក្រសួងបរិស្ថាន នឹងឱ្យមន្ត្រីជំនាញ នៃក្រសួងបរិស្ថានមកជួយធ្វើបទបង្ហាញបន្ថែមទៀត ដល់សិក្ខាកាមដែលជាគ្រូបង្គោលនេះ បានយល់ច្បាស់កាន់តែច្រើនបន្ថែមទៀត ទាក់ទងនឹងបរិស្ថាននេះ ព្រោះតែបញ្ហាបរិស្ថានមិនមានជាបញ្ហាដោយឡែករបស់រដ្ឋាភិបាលនោះទេ ឫបុគ្គលណាមួយនោះទេ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីក្នុងការ ជួយផ្សព្វផ្សាយ ដើម្បីឱ្យសារធារណជន បានទទួលដឹងទាំងអស់គ្នា។
លោកបានបន្ថែមថា ក្រសួងបរិស្ថាន ក៏សូមលើកទឹកចិត្តឲ្យបណ្តាក្រុមហ៊ុនទាំងអស់សូមសាងសង់ទីតាំងរបស់ខ្លួនដោយប្រើប្រាស់នូវកញ្ចក់ឱ្យបានច្រើន ដើម្បីទាញយកពន្លឺព្រះអាទិត្យមកធ្វើជាពន្លឺ ឱ្យបានច្រើន ជៀសវាងការប្រើប្រាស់ថាមពលអគ្គិសនីច្រើន ហើយក៏សូមឱ្យបណ្តាបងប្អូនប្រជាពលរដ្ឋ នឹងបណ្តាក្រុមហ៊ុនទាំងអស់ ពេលចប់ម៉ោងការងារ ឫចេញទៅណាមកណា សូមមេត្តាបិទភ្លើង តាមលទ្ធភាពដែលអាចធ្វើបាន ជៀសវាងការប្រើប្រាស់ថាមពលអគ្គិសនីច្រើនផងដែរ។
លោក នេត្រ ភក្រ្តា បានបញ្ជាក់ទៀតថា តាមរយៈការស្វែងយល់ពីបញ្ហាទន្លេមេគង្គ នឹងបញ្ហាបរិស្ថាន ដែលគ្រូបង្គោល ដែលជាអ្នកសារព័ត៌មានជំនាញ ដែលបានរៀនខាងលើនេះ សង្ឃឹមថា នឹងអាចបានយល់ដឹងកាន់ច្រើន និងជួយយកទៅផ្សព្វផ្សាយបន្ត ដល់បណ្តាអ្នកសារព័ត៌មានផ្សេងៗ ទៀត និងដល់ពលរដ្ឋទូទាំងប្រទេស ឱ្យបានយល់ដឹងកាន់តែច្រើនពីបញ្ហាបរិស្ថាន នឹងឱ្យពលរដ្ឋ បានកែរប្រែឥរិយាបថរបស់ខ្លួន មកចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាបរិស្ថាន នឹងធនធានធម្មជាតិរបស់យើងផងដែរ។
សូមជម្រាបដែរថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល ជាមួយគ្រូជំនាញកម្ពុជា និងបារាំង អ្នកសារព័ត៌មានអាជីពទាំង៨នាក់ នឹងក្លាយទៅជាគ្រូបង្គោលផ្នែកសរសេរព័ត៌មានបរិស្ថាន តំបន់មេគង្គប្រចាំកម្ពុជា ដើម្បីបន្តទៅបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មាន និងអ្នកបរិស្ថាន ដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (sustainable development goals: https://sustainabledevelopment.un.org/?menu=1300 ) របស់អង្គការសហប្រជាជាតិ ។
អ្នកសាព័ត៌មាន អាជីពទាំង ៨នាក់នោះរួមមាន៖
*ទី១៖ លោក ខ្វៃ អាទិត្យា អគ្គនាយកនៃស្ថានីយទូរទស្សន៍អប្សារា
*ទី២៖ លោក មៃ ទិត្យថារ៉ា និពន្ធនាយករង នៃកាសែត ខ្មែរ ថែមស៍ (Khmer Time)
*ទី៣៖ លោក សយ សុភា និពន្ធនាយកនៃសារព័ត៌មានដើមអម្ពិល (DAP)
*ទី៤៖ កញ្ញា អ៊ឹម រចនា និពន្ធនាយករងនៃវិទ្យុបារាំង ជាខេមភាសា (RFI)
*ទី៥៖ កញ្ញា ខន ចំប៉ា និពន្ធនាយករង នៃសារព័ត៌មាន ថ្មីៗ (Thmey Thmey)
*ទី៦៖ លោក វ៉ាន់ សារាយ និពន្ធនាយករង នៃសារព័ត៌មាន ហ្វ្រេសញ៊ូវ (Fresh News)
*ទី៧៖ លោក ស៊ុន សុខេន និពន្ធនាយកនៃសារព័ត៌មាន VOD
*ទី៨៖ លោក រឿន ភារុន អតីតជាអ្នកសារព័ត៌មាន និងជាបុគ្គលិកនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា ក្រៅពីប្រទេសកម្ពុជា ទីភ្នាក់ព័ត៌មានបារាំង CFI ដែលទទួលបាន ការគាំទ្រមូលនិធិអនុវត្តគម្រោងពីក្រសួងការបរទេស និងអភិវឌ្ឍន៍អន្តរជាតិបារាំង ក៏បានរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះ នៅក្នុងប្រទេស វៀតណាម ឡាវ និងមីយ៉ាន់ម៉ាផងដែរ៕