(សៀមរាប)៖ ដើម្បីចូលរួមលើកតម្លៃរមណីយដ្ឋានអង្គរ និងថែរក្សាមរតកដូនតាឲ្យបានគង់វង្សយូរអង្វែង អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ សូមដាក់ពាក្យស្នើសុំដើម្បីកែលម្អផ្ទះ សាងសង់តូចតាច ចាក់ដី រុះរើផ្ទះចាស់សង់ផ្ទះថ្មីជាដើម។
ដើម្បីដាក់ពាក្យស្នើសុំអនុវត្តនូវរាល់កិច្ចការខាងលើ សូមប្រជាពលរដ្ឋក្នុងតំបន់អង្គរទាក់ទងដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរាដូចខាងក្រោម៖
១៖ តាមរយៈមេភូមិ មេឃុំ-ចៅសង្កាត់ ដែលប្រជាពលរដ្ឋកំពុងរស់នៅអចិន្ត្រៃយ៍ ក្នុងករណីមានបំណងកែលម្អផ្ទះ ចាក់ដី សាងសង់តូចតាចដូចជា ជួសជុលផ្ទះបាយ បង្គន់អនាម័យ តសំយ៉ាប ធ្វើក្រោលគោ ទ្រុងមាន់ ទាជាដើម។ លោក លោកស្រី មេភូមិ មេឃុំ/ចៅសង្កាត់ នឹងបញ្ជូនពាក្យស្នើសុំទាំងនោះមកក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ដើម្បីចុះពិនិត្យនិងផ្តល់ការអនុញ្ញាត ឬមិនអនុញ្ញាតនៅទីតាំងស្នើសុំជាក់ស្តែងដោយផ្ទាល់តែម្តង។
២៖ យកពាក្យស្នើសុំនៅទីស្នាក់ការភូមិ សាលាឃុំ-សង្កាត់ ដើម្បីបំពេញរួចយកមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរាដោយផ្ទាល់ ដែលមានអាសយដ្ឋាននៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងករណីមានបំណងធ្វើការរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មី ប្តូរទីតាំងផ្ទះ សាងសង់អាគារសាធារណៈ ដើម្បីអ្នកជំនាញចុះទៅសិក្សាដល់ទីតាំង និងពិនិត្យនូវរាល់ឯកសារពាក់ព័ន្ធ។
សូមបញ្ជាក់ថា រាល់ការដាក់ពាក្យស្នើសុំជួសជុលសំណង់តូច-ធំ និងរាល់ការអនុញ្ញាតផ្សេងៗមិនតម្រូវឲ្យមានការបង់ប្រាក់ទេ។ ម្យ៉ាងវិញទៀត សូមកុំធ្វើខុសពីលក្ខខណ្ឌស្នើសុំ មិនថាទំហំផ្ទះ ការលួចចាក់ដី ការលួចធ្វើផ្ទះមិនស្របច្បាប់ ការជីកស្រះ ការធ្វើរបង ដោយមិនមានច្បាប់អនុញ្ញាត ព្រោះត្រូវប្រឈមមុខនឹងការរុះរើជាដាច់ខាតគ្មានការលើកលែង និងនាំឱ្យខាតប្រយោជន៍ផ្ទាល់ខ្លួនផង៕