(សៀមរាប)៖ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ហ៊ុន ម៉ានី បានបង្ហាញ និងណែនាំ ពីការបង្កើតនូវក្រុមប្រឹក្សាត្រួតពិនិត្យ និងវិន័យរបស់ ស.ស.យ.ក. ជូនដល់សមាជិកសមាជិកា នៃអង្គប្រជុំ។
លោក ហ៊ុន ម៉ានី បានថ្លែងថា សហភាព សហព័ន្ធយុវជនកម្ពុជា គឺជាស្ថាប័នដែលមានកិត្យានុភាព និងមានផែនការគោលដៅច្បាស់លាស់មួយ ដូចនេះដើម្បីបង្ហាញនូវភាពជាអ្នកដឹកនាំ និងភាពជាគំរូទៅកាន់ស្ថាប័នដ៏ទៃ ការប្រកាន់ភ្ជាប់នូវវិន័យ និងភាពច្បាស់លាស់ ក្នុងការបំពេញការងារក្នុងនាមយុវជន ជូនដល់សង្គម និងប្រទេសជាតិរបស់យើងគឺជាអាទិ៍ ដែលសមាជិកសមាជិកាគ្រប់ៗរូប ត្រូវប្រកាន់ភ្ជាប់ជានិច្ច។
សូមជម្រាបជូនផងដែរថា យោងតាមលក្ខន្តិកៈ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលអនុម័តដោយមហាសន្និបាតលើកទី២ និងវិសោធនកម្មដោយមហាសន្និបាតលើកទី៤ កាលពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានតែងតាំងសមាសភាពក្រុមប្រឹក្សាត្រួតពិនិត្យ និងវិន័យគណៈកម្មាធិការកណ្តាល ស.ស.យ.ក ដោយមាន ១៖ អនុប្រធាន ស.ស.យ.ក ១ រូប ជាប្រធានក្រុម, ២៖ សមាជិក គណៈកម្មាធិការកណ្តាល១រូប ជាអនុប្រធាន, ៣៖ សមាជិក សមាជិកា ចំនួន៨ រូប និងជំនួយការលេខាធិការដ្ឋាន ចំនួន៣រូប ដើម្បីបំពេញ តួនាទី និងភារកិច្ចរបស់ខ្លួន។
លោក ឌី វិជ្ជា អនុប្រធាន ស.ស.យ.ក. និងក្នុងនាមជាប្រធានក្រុមប្រឹក្សាត្រួតពិនិត្យវិន័យ ស.ស.យ.ក. បានធ្វើបទបង្ហាញស្តីពីគោលបំណង និងទំនួលខុសត្រូវរបស់ក្រុមការងារ ដោយលោកបានថ្លែងថា ការបង្កើតក្រុមប្រឹក្សា ត្រួតពិនិត្យវិន័យ ស.ស.យ.ក. គឺដើម្បីត្រួតពិនិត្យភាពអសកម្ម និងការប្រព្រឹត្តសកម្មភាពប្រាសចាកពីលក្ខន្តិកៈ និងបញ្ជាផ្ទៃក្នុងរបស់សមាជិក សមាជិក, វាយតម្លៃសកម្មភាព កំណត់វិន័យ ធ្វើយ៉ាងណាដើម្បីធានា ប្រសិទ្ធភាពការងារ និងរក្សាកិត្តិនាមរបស់សហភាពសព័ន្ធយុវជន កម្ពុជា។
លោកបានថ្លែងថា «មនោសញ្ចេតនាគឺមនោសញ្ចេតនា តែម៉ោងការងារគឺត្រូវគោរព ហើយការអនុវត្តការងាររបស់ខ្លួនត្រូវប្រកបដោយវិន័យ និងភាពទទួលខុសត្រូវ»៕