(ព្រះវិហារ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជ័យសែន ខេត្តព្រះវិហារចំនួន ៣៧នាក់ បានទទួលការហ្វឹកហាត់ជំនាញបង្ការ និងទប់ស្កាត់ប្រឆាំងបាតុកម្មរយៈពេល២សប្តាហ៍ ដើម្បីបំប៉នចំណេះដឹងបន្ថែម សម្រាប់យកទៅអនុវត្តជាក់ស្តែង។
វគ្គបណ្តុះបណ្តាលនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រឿន រើន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទទួលបន្ទុកការងារដឹកនាំកម្លាំងអន្តាគមន៍ និងតម្រួតបទបញ្ជា តំណាងឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត រួមនិងក្រុមការងារជាច្រើនរូបទៀតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ត្រី រឿន រើន បានថ្លែងថា ដោយបានការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា លោក និងក្រុមការងារថ្នាក់ខេត្តចំនួន ៨នាក់ ស្រី ២នាក់ បានចូលរួមបើកវគ្គបណ្តុះបណ្តាលជំនាញ បង្ការ ទប់ស្កាត់ប្រឆាំងបាតុកម្មដែលមានរយៈពេល ២សប្តាហ៍ និងប្រគល់សម្ភារហ្វឹកហាត់ដល់សិក្ខាកាមសរុបចំនួន ៣៧នាក់ ស្រី២នាក់ នៅអធិការដ្ឋាននគរបាលស្រុកជ័យសែន។
សូមជម្រាបថា វគ្គហ្វឹកហាត់នេះមានការដឹកនាំការហ្វឹកហាត់ដោយគ្រូឧទ្ទេសរួមមាន៖ លោកវរសេនីយ៍ត្រី ចាន់ ប៊ី អធិការរងនគរបាលស្រុកជ័យសែន និងគ្រូបង្គោលមានចំនួន ៥នាក់ គឺលោកវរសេនីយ៍ត្រី ហង្ស សុខែម, លោកវរសេនីយ៍ត្រី ធីម ប៊ុនឈង, លោកអនុសេនីយ៍ឯក ហួត វាសនា, លោកអនុសេនីយ៍ឯក អៀម អាង, លោកអនុសេនីយ៍ទោ ឃន ជឿន។ នៅក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ត្រី រឿង រើន បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវប្រឹងប្រែងបង្កើតស្នាដៃថ្មីៗ ដោយអនុវត្តតាមឋានានុក្រម និងរៀនសូត្របន្ថែមដើម្បី អភិវឌ្ឍន៍សមត្ថភាពខ្លួន ដកពិសោធន៍ពីថ្នាក់ដឹកនាំ គោរពវិន័យ និងគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំដែលប្រគល់ជូន។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី រឿង រើន ក៏បានផ្តាំផ្ញើសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ដល់កងកម្លាំងទាំងអស់។
ទទន្ទឹមនិងនោះដែរ លោកក៏បានណែនាំដល់មន្ត្រីនគរបាលត្រូវមានការប្រុងប្រយ័ត្ន ចំពោះជំងឺគ្រុនឈាមពីព្រោះនៅក្នុងតំបន់មួយចំនួនក្នុងខេត្តបានផ្ទុះឡើងនូវជំងឺនេះ ដូច្នេះហើយកងកម្លាំងយើងត្រូវរក្សាសុខភាពឲ្យបានល្អ និងជាពិសេសត្រូវយក ចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឈរជើងរបស់ខ្លួនឲ្យបានល្អ៕