(សៀមរាប)៖ ក្រសួងបរិស្ថានបានតែងតាំងលោក ស៊ុន គង់ ជាប្រធានមន្ទីរមន្ទីរបរិស្ថានខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់លោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី ជារដ្ឋលេខាធិការ អគ្គនាយកដ្ឋាន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទី អង្គភាព អាជ្ញាធរក្រុង ស្រុក និងមន្ត្រីរាជការនៃសាមីមន្ទីរចូលរួម។
ក្នុងកិច្ចស្វាគមន៍របស់លោក ទៀ សីហា ក៏បានគូសបញ្ជាក់ថា ការប្រកាសមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប គឺជាការប្រគល់ភារកិច្ច និងការទទួលខុសត្រូវមួយយ៉ាងធំធេងថែមទៀត ដែលតម្រូវឲ្យសាមីខ្លួន ត្រូវតែបញ្ចេញឲ្យអស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ភាពលំបាកនានា ដែលកើតមានឡើងកន្លងមក។ តាមរយៈការដឹកនាំអនុវត្តនូវគោល នយោបាយ និងផែនការយុទ្ធសាស្ត្រពាក់ព័ន្ធទៅនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានប្រកបដោយនីរន្តរភាព និងការរស់នៅប្រកបដោយចីរភាព ក្នុងគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងនោះលោកក៏សូមឲ្យមន្ទីរជំនាញប្រកាន់ខ្ជាប់នូវឥរិយាបថ សីលធម៌ សេចក្តីថ្លៃថ្នូរ ពិតជាអ្នកបម្រើប្រជាពលរដ្ឋ។ លោកក៏បានឲ្យគ្រប់ជំនាញស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់លើការអភិរក្ស តំបន់ភ្នំគូលែន និងបឹងទន្លេសាទ ដែលជាគោលដៅនៃការពង្រីកអេកូទេសចរណ៍ធម្មជាតិ ព្រមទាំងសុំឲ្យបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ ពីគ្រប់ជាន់ថ្នាក់ គឺអនុវត្តទៅតាមច្បាប់។
ក្នុងនោះលោក ខឹម សុវណ្ណា ប្រធាននាយកដ្ឋានធនធានមនុស្ស នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អាននូវប្រកាសរបស់ក្រសួងបរិស្ថាន ស្តីពីការតែងតាំង លោក ស៊ុន គង់ ជាប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងគណៈអធិបតីធ្វើការប្រគល់នូវសេចក្តីប្រកាស និងត្រារួចមក លោកប្រធានមន្ទីរដែលទើបបានចូលកាន់តំណែងថ្មី ក៏បានឡើងធ្វើការប្តេជ្ញាចិត្ត ក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្រចតុកោណជំហានទី៤ នីតិកាលទី៦ នៃរដ្ឋសភា លើការកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមុំមួយនៃយុទ្ធសាស្ត្រ។
លោករដ្ឋមន្ត្រី ក៏បានឯកភាព និងគាំទ្រនូវរាល់ចំណុចមួយចំនួន ដែលលោកអភិបាលខេត្តលើកឡើង ព្រមទាំងបានបញ្ជាក់ថា ក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ក្នុងក្របខណ្ឌ័នៃកំណែទម្រង់ស៊ីជម្រៅ ដើមី្បលើកកម្ពស់ប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចការពង្រឹងមូលដ្ឋានសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម សុខសន្តិភាព និងស្ថិរភាពនយោបាយឲ្យកាន់តែរឹងមាំ។
លោកក៏បានគូសបញ្ជាក់ថា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភានេះ រដ្ឋាភិបាលបានដាក់ចេញ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើមី្បកំណើនការងារ សមធម៌ និងប្រសិទ្ធភាព បន្តពីយុទ្ធសាស្ត្រចតុកោលចំនួន៣ ដំណាក់កាលកន្លងមក ដែលជារបៀបវារៈ អភិវឌ្ឍ សង្គម សេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព ប្រែក្លាយប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាប និងកំពុងបោះជំហាន ប្រកបដោយភាពជឿជាក់ ឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងឈានទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកក៏បានបន្តទៀតថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងបាន កំពុងបំពេញភារកិច្ចទាំងឡាយក្នុងដែលសមត្ថកិច្ចរបស់ខ្លួន ក្នុងការអនុវត្តគោលនយោបាយ ផែនការ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមរយកំណែទម្រង់ស៊ីជម្រៅ សំដៅធ្វើទំនើបកម្មស្ថាប័ន និងកសាងរដ្ឋបាលទំនើប។
លោកបានលើកឡើងពីតួនាទីភារកិច្ច ស្នូលនៃមន្ទីរបរិស្ថាន ចំពោះកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈ ចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ហើយលោក ក៏បានធ្វើការផ្តាំផ្ញើ និងផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់លោកប្រធានមន្ទីរបរិស្ថាន ដែលទើបឡើងកាន់មុខតំណែងថ្មី ដើមី្បក្នុងការអនុវត្តពីតួនាទី ភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផល គឺត្រូវគោរពឲ្យបាននូវច្បាប់ ក្នុងឧត្តម្ភប្រយោជន៍ជាតិជាធំ និងអនុវត្តនូវគោលនយោបាយកម្មវិធី ថ្នាក់ជាតិ ព្រមទាំងបង្កើនការទំនាក់ទំនងឲ្យបានល្អ ជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាព និង ត្រូវបង្កើនចំណេះដឹង ពង្រឹង សាមគ្គីផ្ទៃក្នុងឲ្យបានល្អ ក្នុងការដឹកនាំមន្ត្រីក្នុងមន្ទីររបស់ខ្លួនឲ្យបានល្អទៅអនាគត ដោយតម្កល់ខ្ពស់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕