(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងមួយ ពាក់ព័ន្ធនឹងឧបទ្ទវហេតុបាក់អគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ បណ្តាលឱ្យមនុស្សស្លាប់ និងរបួសច្រើននាក់។
ក្រសួងការងារអះអាងថា ព័ត៌មានបឋមបានឱ្យដឹងថា មានជនរងគ្រោះប្រមាណជាង៣០នាក់ ដែលរងគ្រោះថ្នាក់ក្នុងករណីនេះ ក្នុងនោះស្លាប់ចំនួន ០៣នាក់ របួសធ្ងន់ចំនួន ០២នាក់ និងរបួសស្រាលចំនួន ១៦នាក់។ ជនរងគ្រោះទាំងអស់បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។
បើតាមក្រសួងការងារ, គិតត្រឹមម៉ោង១០៖០០នាទីព្រឹក ថ្ងៃសៅរ៍ទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ជនរងគ្រោះចំនួន១៨នាក់ បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ ដោយឡែកជនរងគ្រោះដែលជាប់នៅក្នុងគំនរអគារបាក់បែក ត្រូវបានអាជ្ញាធរពាក់ព័ន្ធកំពុងជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព និងជនរងគ្រោះ ព្រមទាំងបានជូនពរដល់អ្នករងរបួសទាំងអស់ ឆាប់បានជាសះស្បើយ។
សូមជម្រាបថា នៅម៉ោងជិត៥៖០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺអគារដែលរលំបាក់នេះ ពុំមានច្បាប់អនុញ្ញាតទេ ហើយធ្លាប់ត្រូវបានអាជ្ញាធរហាមឃាត់ ក្នុងការសាងសង់ចំនួន២លើករួចទៅហើយ៕