(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះថា អគារដែលរំលំបាក់សង្កត់លើមនុស្សស្លាប់ និងរងរបួសច្រើននាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ ពុំមានច្បាប់អនុញ្ញាតឱ្យសាងសង់នោះទេ។
ពាក់ព័ន្ធនឹងករណីអគាររលំបាក់សង្កត់មនុស្សនេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានបញ្ជាក់ថា សំណង់អគារខាងលើនេះអត់មានច្បាប់អនុញ្ញាតទេ ហើយធ្លាប់ត្រូវបានអាជ្ញាធរជំនាញហាមឃាត់មិនឱ្យសាងសង់ចំនួន ២ដងរួចទៅហើយ ប៉ុន្តែម្ចាស់សំណង់មិនចូលរួមសហការ។ ម្ចាស់សំណង់ឈ្មោះ ជីង គ័ង ជាជនជាតិចិន ទីតាំងសាងសង់លើផ្ទៃដីទំហំ៥៨៣ម៉ែត្រក្រឡា។ អាគារនេះជាប្រភេទសំណង់ធ្វើពីឆ្អឹងដែកសង់បានកម្ពស់៧ជាន់ គ្មានលិខិតអនុញ្ញាតសាងសង់។
ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងបានថ្លែងឲ្យដឹងថា ជាមួយនេះអាជ្ញាធរជំនាញ នឹងចុះធ្វើការត្រួតពិនិត្យសំណង់ដែលមិនមានគុណភាព សំណង់សាងសង់ខុសពី លិខិតអនុញ្ញាត និងសាងសង់ដោយគ្មានលិខិតអនុញ្ញាត ដើម្បីមានវិធានការតាមផ្លូវច្បាប់។ រីឯក្រុមហ៊ុនទទួលម៉ៅការសាងសង់ ត្រូវតែជាក្រុមហ៊ុនដែលបានចុះបញ្ជី និងមានវិញ្ញាបនបត្រប្រកបអាជីវកម្មសាងសង់ ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមជម្រាបថា នៅម៉ោងជិត៥៖០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
គិតត្រឹមម៉ោង៨៖២០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានរកឃើញអ្នកស្លាប់៣នាក់ និងកម្មករជិត១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ចេញពីគំនរអគារកម្ពស់៧ជាន់ ដែលបាក់រលំនៅម៉ោងជិត៥ព្រឹកថ្ងៃនេះ៕