(ភ្នំពេញ)៖ បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់នៃករណីរលំបាក់អគារសង្កត់មនុស្ស នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនោះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ប្រតិភូមួយក្រុម ចុះជួយសហការដោះស្រាយបញ្ហាជូនជនរងគ្រោះ ដោយអគាររំលំសង្កត់នេះ។
ប្រតិភូជាន់ខ្ពស់ក្រសួងការងារ ដឹកនាំដោយ ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ អមដោយមន្រ្តីជំនាញបេឡាជាតិរបបសន្តិសុខសង្គម រួមទាំងពេទ្យការងារ ដើម្បីទៅសហការជាមួយមន្ទីរការងារខេត្តព្រះសីហនុ ដែលកំពុងធ្វើការជាមួយអាជ្ញាធរនៅកន្លែងកើតហេតុ ដើម្បីជួយដោះស្រាយបញ្ហាការងារ ដល់បងប្អូន កម្មករ ដែលរងគ្រោះ។
សូមជម្រាបថា នៅម៉ោងជិត៥៖០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
គិតត្រឹមម៉ោង៨៖២០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានរកឃើញអ្នកស្លាប់៣នាក់ និងកម្មករជិត១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ចេញពីគំនរអគារកម្ពស់៧ជាន់ ដែលបាក់រលំនៅម៉ោងជិត៥ព្រឹកថ្ងៃនេះ៕