(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចថា គិតត្រឹមម៉ោង៨៖២០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានរកឃើញអ្នកស្លាប់៣នាក់ និងកម្មករជិត១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ចេញពីគំនរអគារកម្ពស់៧ជាន់ ដែលបាក់រលំនៅម៉ោងជិត៥ព្រឹកថ្ងៃនេះ។
លោកអភិបាលខេត្តបន្តថា នៅពេលនេះក្រុមជួយសង្គ្រោះកំពុងប្រើប្រាស់អេស្កាវ៉ាទ័រចំនួន២គ្រឿង និងគ្រឿងចក្រផ្សេងទៀត ដើម្បីស្វែងរកមនុស្សដែលនៅជាប់ក្នុងគំនរអគារដែលរលំនេះ។
បើតាមអាជ្ញាធរអគារដែលកំពុងសាងសង់ហើយបានបាក់រលំនេះ ជារបស់ជនជាតិចិន ដែលបានជួលដីទំហំទទឹង១៥ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ សាងសង់កម្ពស់៧ជាន់ សង់បានប្រហែល៨០ភាគរយ។
នៅកន្លែងកើតហេតុគេឃើញមានក្រុមសង្គ្រោះ៧១១ ដែលប្រចាំការនៅសាលាសង្គ្រោះមិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រះសីហនុ ក៍បានចេញទៅជួយអន្តរគមន៍ស្វែងរកជនរងគ្រៅផងដែរ។
សូមជម្រាបថា នៅម៉ោងជិត៥៖០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមនុស្សជាច្រើននាក់ ត្រូវបានគេសន្និដ្ឋានថា កំពុងស្ថិតនៅក្នុងគំនរអគារនេះ៕