(ម៉ាឡេស៊ី)៖ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបន្តទស្សនកិច្ចរោងពុម្ពផលិត គម្ពីរអាលគួរអានធំបំផុតទី២លើពិភពលោក បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត ដែលបានបង្កើតឡើងដោយមូលនិធិ Restu Foundation Malaysia ក្រោមជំនួយឧបត្ថម្ភពីព្រះមហាក្សត្រ រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី។

រោងពុម្ពនេះត្រូវបានដាក់សម្ពោធដំណើរការបោះពុម្ព ក្នុងឆ្នាំ២០១៧ ដែលមានទឹកប្រាក់១៥លានដុល្លារ ដើម្បីចងក្រងប្រមូលផ្ដុំរចនាបទសិល្បៈ និងបោះពុម្ពគម្ពីរអាល់គួរអាន តាមភាសា នៃបណ្តាប្រទេសនានា។ ក្នុងនោះកម្ពុជា តាមគម្រោងបោះពុម្ពបកប្រែជាភាសាខ្មែរ ចំនួន១០០,០០០ក្បាល ដោយបានបញ្ជូនជាដំណាក់កាលទីមួយ ៣២,០៣៣ និងគម្ពីរពុំមានការបកប្រែ១០,២០០ក្បាលក្នុងឆ្នាំ២០១២ ហើយក្នុងចុងខែមិថុនានេះ នឹងបញ្ចូន១៧,០០០ក្បាលទៀត។

ក្នុងនាមម៉ាឡេស៊ីជាប្រទេសឥស្លាម ចំពោះការបង្កើតរោងពុម្ពនេះ ធ្វើឡើងដើម្បីលើកកម្ពស់កិត្យានុភាពវប្បធម៌សាសនាឥស្លាម បន្តចូលរួមថែរក្សា ពង្រីកផ្សព្វផ្សាយនូវគម្ពីរដែលជាព្រះបន្ទូរបស់ ព្រះអល់ឡោះ ជាម្ចាស់ បានបញ្ចុះមកប្រជាជាតិឥស្លាមតាមរយៈព្យាការី មមូហាំម៉ាត់ តាំងពី១៤៤០ឆ្នាំមុន។

គម្ពីរអាល់គួរអាន ជាព្រះធម៌ និងច្បាប់សម្រាប់មនុស្សលោកទូទៅយកជាត្រីវិស័យ ឆ្លុះបញ្ជាំងអប់រំ និងការប្រណិប័តន៍ធម៌ ក្នុងពេលកំណើតមនុស្ស ជាពិសេសអ្នកកាន់សាសនាឥស្លាមអាចកើនដល់ ៣ពាន់លាននាក់ នៃចំនួនប្រជាជនពិភពលោកសរុប៩ពាន់លាននាក់ ក្នុងឆ្នាំ២០៥០។

គម្ពីរអាល់គួរអាន បានចែកជា៣០ភាគ ១១៤ជំពូក៦,៦១៦ធម្មខ័ណ្ឌ ៧៤,៤៣៧ពាក្យ ៣២៥,៣៤៥តួអក្សរ ទាំងអស់នេះសុទ្ធតែជាព្រះបន្ទូលរបស់ អល់ឡោះជាម្ចាស់ តែមួយគត់ឥតក្លែងបន្លំ ឥតកែប្រែ និងឥតមានលាយឡំ នឹងសំដីរបស់បុគ្គលណាម្នាក់ឡើយ៕