(បាងកក-ថៃ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានបញ្ជាក់អំពីជំនឿយ៉ាងមុតមាំថា សភា AIPA ប្រាកដជាអាចសម្រេចបាននូវ កិច្ចការកាន់តែច្រើនឡើង ក្នុងការធ្វើឲ្យសង្គមនីមួយៗ ប្រកបដោយបរិយាប័ន្ន និរន្តភាព និងភាពធន់មាំ នៅក្នុងតំបន់អាស៊ាន។
លោកស្រីបានលើកឡើងបែបនេះ ក្នុងឱកាសធ្វើបទអត្ថាធិប្បាយជាអនុសាសន៍គន្លឹះ ក្នុងកិច្ចប្រជុំត្រៀមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភា AIPA (AIPA Preparatory Meeting for the AIPA-ASEAN Interface at the 34th ASEAN Summit) នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារអ៊ិនធើកុងទីណង់តាល់ ទីក្រុងបាងកក ប្រទេសថៃ។
កិច្ចប្រជុំត្រៀមនេះ ត្រូវបានប្រារព្ធឡើងមុនមួយថ្ងៃ នៃកិច្ចប្រជុំរវាងអន្តរសភាអាស៊ាន និង AIPA ដែលតំណាងសភា នៃប្រទេសជាសមាជិក AIPA ចូលរួមពិនិត្យ និងពិភាក្សាទៅលើរបាយការណ៍ ដែលនឹងឡើងថ្លែងដោយ លោក ឆួន លីគប៉ៃ ប្រធានរដ្ឋសភាថៃ និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤០ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន និងសភាតំណាង AIPA។
ខ្លឹមសារក្នុងរបាយការណ៍នោះ គឺជាទស្សនៈរួមបញ្ចូលគ្នារបស់ប្រទេសជាសមាជិក AIPA ទាំង១០ ដោយផ្តោតសំខាន់ទៅលើសមិទ្ធផលនានា និងទិសដៅសកម្មភាពដែល AIPA បាននិងកំពុងបន្តអនុវត្តកន្លងមក ព្រមទាំងរិះរកយន្តការថ្មីៗ សំដៅដល់ការពង្រីកកិច្ចសហប្រតិបត្តិការរវាង AIPA និងអាស៊ាន ឲ្យកាន់តែមានសមាហរណកម្មជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពថែមទៀត។
លោកស្រី ឃួន សុដារី បានចូលរួមផ្តល់ជាអនុសាសន៍គន្លឹះបន្តទៀតថា «ក្នុងនាមយើងទាំងអស់គ្នា ជាសមាជិកសភា ដែលតំណាងឲ្យប្រជាជន នៃអាស៊ាន យើងមានការប្តេជ្ញាចិត្តក្នុងការកសាង និងធ្វើការអភិវឌ្ឍរាល់គ្រប់វិស័យសំដៅធានាដល់ផលប្រយោជន៍ ប្រជាជនជាសំខាន់នៅក្នុងអាស៊ាន តាមរយៈការលើកកម្ពស់ កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធ និងកិច្ចសហប្រតិបត្តិការដោយជាក់ស្តែង»។
លោកស្រី បានបន្តទៀតថា អន្តរសភា AIPA បានធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដែលការណ៍នេះ ធ្វើឲ្យយើងកាន់តែយល់ដឹងបន្ថែម និងធ្វើការគ្រប់គ្រងបានល្អ នូវធនធានមានកម្រិតរបស់យើង ដើម្បីឈានទៅរកចក្ខុវិស័យអាស៊ានឆ្នាំ២០២៥។
សូមជម្រាបថា កំឡុងពេល នៃកិច្ចប្រជុំត្រៀមនេះ មានការស្នើបញ្ចូលបន្ថែមនូវបញ្ហា ដែលជាក្តីកង្វល់របស់សមាជិកសភាអាស៊ាន សម្រាប់ថ្លែងក្នុងកិច្ចប្រជុំ ទល់មុខគ្នារវាងអាស៊ាន និងអន្តរសភា AIPA ដែលនាពេលនោះ សភាកម្ពុជាបានស្នើដាក់បញ្ចូលបន្ថែមនូវចំណុច២ ដោយគណៈប្រតិភូសភាកម្ពុជាយល់ឃើញថា គួរត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់ AIPA ជារួម មានជាអាទិ៍៖
*ទី១៖ ការលើកកម្ពស់ និងផ្តល់ភាពអង់អាចដល់ស្ត្រី និងសមភាពយេនឌ័រ
*ទី២៖ បញ្ហាសនិ្តសុខស្បៀងនៅក្នុងតំបន់ ជាពិសេសបណ្តាតំបន់អនុទន្លេមេគង្គ។
រីឯសមភាគីវៀតណាម បានស្នើបញ្ចូលបន្ថែមបញ្ហាការជួញដូរគ្រឿងញៀន និងមនុស្សខុសច្បាប់ និងសមភាគីថៃ ស្នើបញ្ចូលបន្ថែមនូវការរឹតបន្តឹង កិច្ចសហប្រតិបត្តិក្នុងតំបន់ ក្នុងការគ្រប់គ្រង និងថែរក្សាបេតិកភណ្ឌវប្បធម៌ ដោយមានការចូលរួមពីប្រជាជនតាមមូលដ្ឋាន។
ជាមួយគ្នានេះផងដែរ ប្រធានកិច្ចប្រជុំត្រៀម លោក ឆួន លីគប៉ៃ និងតំណាងសភា AIPA នីមួយៗ ដែលចូលរួម បានឯកភាពដាក់បញ្ចូលចំណុចខាងលើនេះ ទៅក្នុងរបាយការណ៍រួមរបស់ AIPA។
សូមរំលឹកផងដែរថា ប្រធានប្តូរវេនអន្តរសភា AIPA លោក ឆួន លីគប៉ៃ នឹងថ្លែងសារដែលខ្លឹមសារក្នុងនោះ បានបញ្ជាក់ពីទស្សនៈតំណាងសភា AIPA ទាំង១០ប្រទេស ក៏ដូចជារិះរកយន្តការថ្មីៗ ដើម្បី AIPA និងអាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដូចដែលបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំនេះ៕