(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំមួយជាមួយសិល្បករ-សិល្បការិនីក្រោមប្រធានបទស្ដីពី ការលើកកម្ពស់សីលធម៌សង្គម, តម្លៃស្រ្ដី និងគ្រួសារខ្មែរ។
កិច្ចប្រជុំរវាងក្រសួងកិច្ចការនារី និងសិល្បករ-សិល្បការិនីនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីចូលរួមផ្សព្វផ្សាយការលើកកម្ពស់សីលធម៌សង្គម, តម្លៃស្រ្ដីនេះតាមរយៈសិល្បករ -សិល្បការិនី ផ្សព្វផ្សាយដល់សាធារណជន។
លោកស្រី ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានអចិន្រ្ដៃគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម, តម្លៃស្រ្ដី និងគ្រួសារខែ្មរ បានឲ្យដឹងថា «គោលបំណងក្នុងថ្ងៃនេះរៀបចំឡើង ដើម្បីជំរុញឲ្យសិល្បករ-សិល្បការិនី ចូលរួមផ្សព្វផ្សាយស្ដីពី ការលើកកម្ពស់សីលធម៌សង្គម, តម្លៃស្រ្ដី និងគ្រួសារខ្មែរ ទៅតាមរយៈប្រព័ន្ធទូរទូស្សន៍, បណ្តាញសង្គម Facebook, តាមវិទ្យុ ឬតាមការសំដែងនៅតាមបណ្ដាខេត្តនានាជាដើម ដើម្បីផ្ញើសារល្អៗទៅកាន់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវវ័យកម្ពុជាតែម្ដង»។
លោកស្រីបន្ដថា ក្នុងកិច្ចប្រជុំនេះមានសិល្បករ-សិល្បការិនីបានប្ដេជ្ញាចិត្តយ៉ាងខ្ពស់ ក្នុងការចូលរួមចំណែកចូលរួមផ្សព្វផ្សាយ ក៏ដូចជាធ្វើជាគំរូល្អដល់សង្គមជាតិ ពិសេសជាគំរូដ៏ល្អសម្រាប់យុវវ័យនេះឯង។
លោកស្រីបញ្ជាក់ថា ជាធម្មតាតារាច្រើនតែមានអ្នកស្គាល់ និងអ្នកទស្សនាច្រើនដូច្នេះហើយ បានជាក្រសួងត្រូវការការចូលរួមចំណែកពីសិល្បករ-សិល្បការិនី។ ជាក់ស្ដែងគំរូដែលនឹងត្រូវចែករំលែកតាមរយៈសិល្បករ-សិល្បការិនីនេះមានដូចជា៖ ការស្លៀកពាក់, ការនិយាយស្ដី, កាយវិការផ្សេងៗជាដើម។
តាមរយៈក្រសួងកិច្ចការនារី ក៏បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងក្លា ដោយសហការ និងគាំទ្រដល់ការអប់រំផ្សព្វផ្សាយឲ្យទូលំទូលាយអំពី សីលធម៌, សុជីវធម៌ក្នុងការរស់នៅ និងច្បាប់ពាក់ព័ន្ធទាំងឡាយ ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីទាំងអស់ ទាំងក្នុងគ្រួសារ, កន្លែងធ្វើការ និងសហគមន៍ជាដើម៕