(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានបើកកិច្ចប្រជុំពិសេសមួយ ជាមួយនឹងក្រុមហ៊ុន IG Markets Group ដែលជាក្រុមហ៊ុនផ្ដល់សេវាជួញដូរ រូបិយប័ណ្ណអន្តរជាតិដ៏ធំបំផុតមួយនៅទ្វីបអឺរ៉ុប និងមានបទពិសោធន៍ជាង៤០ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការសក្តានុពលមួយ សម្រាប់ការពង្រីកអាជីវកម្ម និងការអភិវឌ្ឍទីផ្សារនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តំណាងនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ដែលបានចូលរួមក្នុងកិច្ចប្រជុំ នៅទីក្រុងឌូបៃនៃសហព័ន្ធអារ៉ាប់រួមនេះរួមមាន៖ លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង, លោក Onyen Yong ទីប្រឹក្សាផ្នែកច្បាប់, លោក John Hsu នាយកផ្នែកគម្រោងពិសេស និងលោក Michael Tam ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ។ ក្នុងនោះក៏មានការចូលរួមពីក្រុមហ៊ុន IG Markets Group រួមមាន៖ លោក Adam Dance មន្ត្រីប្រតិបត្តិជាន់ខ្ពស់ជាតំណាង។
កិច្ចប្រជុំនេះរៀបចំឡើងស្របពេលដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង កំពុងផ្ដោតទៅលើការពង្រីកទំហំអាជីវកម្ម ទៅកាន់តំបន់ផ្សេងៗនៃពិភពលោក និងបានកត់សម្គាល់ថាក្រុមហ៊ុន IG Markets Group អាចជាដៃគូសហការរយៈពេលវែង ដ៏មានសក្តានុពលមួយក្នុងការសម្រេចបាននូវផែនការ និងគោលដៅនានា។
ជាមួយនឹងឯកទេស និងបទពិសោធន៍ដ៏សម្បូរបែបនៃក្រុមហ៊ុនទាំងពីរ កិច្ចសហប្រតិបត្តិការដែលអាចនឹងកើតមានឡើងមួយនេះ ត្រូវបានរំពឹងថា នឹងនាំយកមកនូវពន្លឺដ៏ត្រចះត្រចង់ សម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង សូមចូលទៅគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange៕