(ភ្នំពេញ)៖ តាមសេចក្ដីជូនដំណឹងរបស់ ធនាគារ ហ្វីលីព ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា រាល់សេវាអេធីអឹម និងសេវាធនាគារចល័តរបស់ធនាគារ នឹងផ្អាកដំណើរការជាបណ្តោះអាសន្ន ចាប់ពីម៉ោង៦ល្ងាច នាថ្ងៃសុក្រ ទី២៨ ខែមិថុនា ដល់ម៉ោង៨ព្រឹក ថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០១៩ ហើយនឹងធ្វើការដំឡើងប្រព័ន្ធធនាគារស្នូល ដើម្បីរៀបចំការរួមបញ្ជូលគ្នាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត នៅពេលខាងមុខនេះ។
ដោយសារការដំឡើងប្រព័ន្ធធនាគារខាងលើ កាតអេធីអឹម ចាស់ របស់លោកអតិថិជន មិនអាចប្រើប្រាស់តទៅទៀតនោះឡើយ។ ដូច្នេះ រាល់អតិថិជនរបស់ធនាគារ ហ្វីលីព អញ្ជើញទៅកាន់ សាខាដែលជិតលោកអ្នកបំផុត ដើម្បីធ្វើការផ្លាស់ប្តូរយកកាតអេធីអឹមថ្មី ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩តទៅ ដោយគ្រាន់តែយកអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន រួមជាមួយកាតអេធីអឹម ចាស់។
ទន្ទឹមនឹងនេះ ធនាគារ ក៏បានសូមអភ័យទោស ចំពោះភាពរអាក់រអួលនេះ ហើយដោយសារមូលហេតុខាងលើ ធនាគារ នឹងបន្ថែមរយៈពេលធ្វើការរហូតដល់ម៉ោង៦កន្លះល្ងាច នៅក្នុងសបា្តហ៍ ទីមួយនៃខែកក្កដា និងថ្ងៃសៅរ៍ទី៦ ខែកក្កដា ២០១៩ ចាប់ពីម៉ោង៩ព្រឹក ដល់៥ល្ងាច សម្រាប់ការផ្តល់ជូនកាតអេធីអឹមថ្មី។
ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន ឬអាចទាក់ទងមកកាន់បុគ្គលិកប្រចាំសាខានីមួយៗរបស់ ធនាគារ ហ្វីលីព៖ ០៨៦៩៣០០០០ ៕