(ភ្នំពេញ)៖ រដ្ឋបាលភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការមេដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក នួន ផារត្ន័ អភិបាលរងរាជធានី និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន រដ្ឋបាលខ័ណ្ឌ ទាំង១៤ និងសង្កាត់ទាំង១០៥ អ្នកជំនាញការជាតិ អន្តរជាតិអញ្ជើញពីបណ្តារសកលវិទ្យាល័យ និងដៃគូអភិវឌ្ឍន៍។
លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងដើម្បីប្រមូលធាតុចូល ដើម្បីធ្វើបច្ចុប្បន្នភាពផែនការមេ ដែលបានផ្តើមរៀបចំសិក្សានៅឆ្នាំ២០០១ និងបញ្ចប់នៅឆ្នាំ២០០៥ ដោយមានជំនួយបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប៉ុន្តែផែនការនេះ រហូតដល់បច្ចុប្បន្ននៅមិនទាន់បានអនុម័តជាផ្លូវការនៅឡើយ។ ផែនការនេះ ជាផែនការសម្រាប់ភ្នំពេញ នៅឆ្នាំ២០៣៥។ បញ្ហាចរាចរណ៍ និងគមនាគមន៍ បើយើងមិនដោះស្រាយពេលនេះ វាកាន់តែស្មុគស្មាញ។
លោកបាន ឲ្យដឹងថា ភ្នំពេញបច្ចុប្បន្ន មានភ្លើងស្តុប និងកាម៉េរា១១៥ ដែលមានភ្ជាប់នឹងប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ ដែលមានសមត្ថភាពកំណត់ភ្លើងខៀវ ក្រហមដោយស្វ័យប្រវត្តិ តាមចំនួនអ្នកធ្វើដំណើរ និងវត្តមានប្រតិភូជាដើម។ តែដង់ស៊ីតេប្រជាជនកើនខ្លាំងជាគំហុក ហើយស្ថានភាពចរាចរណ៍កាន់តែស្មុគស្មាញដោយសារតែឥរិយាបទ មិនគោរពច្បាប់ ។ ភ្នំពេញរីកធំ ដោយសារកាត់យកឃុំជាង ២០ឃុំ ពីខេត្តកណ្តាល។ ឡានក្រុង បច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រចាំថ្ងៃជិត៣ម៉ឺននាក់។
ការធ្វើបច្ចុប្បន្នភាព និងអនុម័តផែនការមេនេះ នឹងក្លាយជាឯកសារ ដើម្បីកៀងគរហិរញ្ញប្បទានផ្សេងៗ និងការគាំទ្រពីក្រសួងពាក់ព័ន្ធ ជាដើម ដើម្បីអនុវត្តផែនការមេនេះឲ្យជោគជ័យ។
លោក ស៊ូហ្កាណូ យូអិុឈី ប្រធានទីភ្នាក់ងារ JICA បាន បញ្ជាក់ថា ការសិក្សាបានបញ្ចប់តាំងពីឆ្នាំ២០១៤ ដោយកំណត់បាននូវគម្រោងអាទិភាពជាច្រើន រហូតឈានដល់ការផ្តល់ឡានក្រុង៨០ និងការបំពាក់ប្រពន្ធ័គ្រប់គ្រងចរាចរណ៍ឆ្លាតវៃ និងមជ្ឈមណ្ឌលគ្រប់គ្រងនិងឃ្លាំមើលចរាចរណ៍។ សង្ឃឹមថាគ្រប់ភាគី នឹងចូលរួមអនុវត្តផែនការមេនេះឲ្យបានជោគជ័យ។
លោក នួន ផារ័ត្ន បានលើកឡើងថា យើងមានផែនការមេដឹកជញ្ជូន ផែនការមេគ្រប់គ្រងនិងអភិវឌ្ឍន៍ប្រព័ន្ធលូ ។ ថ្ងៃនេះ យើងចង់ផ្សព្វផ្សាយឲ្យ អាជ្ញាធរដែនដី ជ្រាបថាយើងមានប្លង់មេ ។ ការអភិវឌ្ឍន៍ ក្រុងយើងជោគជ័យ ទាល់តែយើងរួមគ្នា អនុវត្តប្លង់គោល។ យើងត្រូវដឹងថា ប្លង់មេនេះ វាទាក់ទងនឹងសង្កាត់យើងយ៉ាងម៉េច។ កំណត់ផ្លូវមេ ធំៗ ត្រូវមានប្រពន្ធ័គ្រប់គ្រងត្រឹមត្រូវ ដោយមានបំពាក់ឧបករណ៍ទំនើប មានវិញ្ញាណសម្រាប់បញ្ជារចរាចរណ៍។ គ្រប់គ្រងចរាចរណ៍ យកទាំងការគ្រប់គ្រងចំណត និងការរៀបចរាចរណ៍ឯកទិស។ មួយទៀត យើងត្រូវគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនទំនិញ ដោយកំណត់ឲ្យច្បាស់ផ្លូវណាឡានដឹកទំនិញចូល ដឹកទំនិញចេញ។
លោកបានបន្តថា យើងជុំគ្នាថ្ងៃនេះ ដើម្បីដឹងថា ក្រោយសិក្សាចប់ផែនការមេនេះ មិត្តភ័ក្តិ និងជាដៃគូល្អរបស់យើង ជាពិសេសយើងបាន រួមគ្នាសិក្សា រួមគ្នាអនុវត្ត និងតាមដានការអនុវត្តទាំងអស់គ្នា។
លោក ម៉ាសាតុ កូតូ អ្នកជំនាញការ ទីភ្នាក់ងារ JICA បានលើកឡើងថា បើតាមការសិក្សា ចិញ្វើមផ្លូវនិងផ្លូវថ្មើជើង ត្រូវបានប្រើ ដើម្បីចតឡានឬលក់ដូរ ហើយល្បឿនធ្វើដំណើរថយចុះខ្លាំង ខណៈតម្រូវការក្នុងការធ្វើដំណើរកើនឡើង លឿនជាងកំណើនមនុស្ស។
លោកបានឲ្យអនុសាសន៍ បន្ថែមថា ភ្នំពេញត្រូវដូរយុទ្ធសាស្រ្តគ្រប់គ្រង ដោយបង្កើនការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈចម្រុះ រួមមានទាំងឡានក្រុង រថភ្លើង ដើម្បីភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ សាងបានជាប្រព័ន្ធរួម ប្រទាក់គ្នាជាប់រដឹក ទៅគ្រប់តំបន់រួមទាំងទីតាំងសំខាន់ៗ មានព្រលានយន្តហោះ តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ផ្សេងៗ ។ បង្កើតហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាលបន្ទុកចរាចរណ៍ក្នុងក្រុង និងការបង្កើតផ្លូវក្រវ៉ាត់ក្រុងដើម្បីសម្រួលការធ្វើដំណើរទៅខេត្តក្រុងជិតខាង ស្របពេលនឹងការបន្ថយចំនួនឡាន ម៉ូតូ ឯកជន ។ ប្រជាជនត្រូវផ្លាស់ប្តូរ ឥរិយាបថ ពីការប្រកាន់យកឥរិយាបទ ចេញពីផ្ទះ ទៅកន្លែងធ្វើការ ឆ្ពោះទៅរក របៀបរស់នៅថ្មី ដែលគាត់ត្រូវដើរពីផ្ទះទៅស្ថានីយរថភ្លើង ឬចំណតឡានក្រុង រួចដើរទៅកន្លែងធ្វើការ។
ការកែលម្អការគ្រប់គ្រងចរាចរណ៍ ត្រូវធ្វើ ដោយបំពាក់ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានការសង់ស្តុប មានសង់ផ្លូវ ឯកទិស (ចំពោះផ្លូវដែលមានចម្ងាយប្រមាណ ៣០០ ម៉ែត្រ) មានរៀបចំចំណត ឲ្យបានត្រឹមត្រូវជាដើម។ បើរៀបជាផ្លូវឯកទិស យើងអាច រំដោះផ្លូវខ្លះឲ្យឡានក្រុង រៀបចំចំណត ទុកផ្លូវថ្មើរជើងឲ្យអ្នកដើរ ព្រោះវាមានប្រយោជន៍ច្រើនណាស់។ នៅថ្ងៃមុខ ការដឹកជញ្ជូនមិនត្រូវដឹកតាមផ្លូវ ២៧១ ទេ តែត្រូវបញ្ចៀសតាមផ្លូវក្រវ៉ាត់ក្រុងផ្សេង។ លោកថែមចុងក្រោយថា ភ្នំពេញត្រូវផ្តើមរៀបចំកែលម្អចរាចរណ៍នៅពេលនេះ កុំបង្អង់យូរ។
ជាកិច្ចឆ្លើយតប លោក ជូ គឹមទ្រី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជភ្នំពេញ បានលើកឡើងថាថ្វីបើផែនការមេនេះ មិនទាន់បានអនុម័តផ្លូវការ តែរដ្ឋបាលភ្នំពេញបានផ្តើមអនុម័តជាបណ្តើរៗ នាពេលកន្លងមក ដូចជាបានបំពាក់ស្តុបឆ្លាតវៃ ធ្វើផ្លូវបានជាង ១០០ គម សង់ស្ពានអាកាស៤ សង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ ដំណាក់កាលទី ១ ប្រវែង ១២ គម (ផ្លូវឈ្នះ ឈ្នះ) បានចប់ ដំណាក់កាលបន្ទាប់កំពុងបន្ត ព្រមទាំងពង្រីកផ្លូវជាតិផងដែរ (ផ្លូវ ៦ A ផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ៥) ផ្លូវម៉ុងរិទ្ធី ផ្លូវសម្តេចហ៊ុនសែន ស្របតាមផែនការមេ។ ជាឧទាហរណ៍ ផ្លូវឯកទិស ជំហានដំបូង នឹងត្រូវបង្កើតបន្ថែម ៥ ទៀត នៅខណ្ឌ័ដូនពេញ ស្របនឹងផ្លូវស៊ីសុវត្ថិ។ ចំណតក្រោមដី ៩ទីតាំង បានសង់រួច ហើយចំណតក្រោមដីថ្មី ១៥ ទៀត ក្រោមសួនសាធារណៈនឹងត្រូវសាងសង់។ ផ្លូវថ្មើរជើងបានផ្តើមធ្វើនៅផ្លូវនរោត្តម និងផ្លូវសហព័ន្ធរុស្ស៊ី។ ផ្លូវដទៃទៀតនឹងរៀបចំជាបណ្តើរៗ ឲ្យស្របតាមផែនការភ្នំពេញ២០៣៥។
លោកនួន ផារត្ន័ បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងសិក្សាជាមួយក្រសួងពាក់ព័ន្ធ និងក្រុមប្រឹក្សារាជធានីអាណត្តិទី៣ ដើម្បីធ្វើបច្ចុប្បន្នភាពនិងអនុម័តផែនការមេនេះ ទុកជាមូលដ្ឋានដើម្បីដោះស្រាយបញ្ហាបញ្ហាប្រឈមបច្ចុប្បន្ន និងអភិវឌ្ឍន៍រាជធានីភ្នំពេញយើងនាពេលអនាគត។ លោកបានស្នើឲ្យអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ខណ្ឌ័ សង្កាត់ ចូលរួមអនុវត្តផែនការមេដឹកជញ្ជូននេះ ដោយចូលរួមការពារទំហំផ្លូវដែលកំណត់ដោយផែនការមេប្រើប្រាស់ដីធ្លី និងចូលរួមជួយអប់រំបងប្អូនប្រជាពលរដ្ឋយើងនៅមូលដ្ឋាន ឲ្យចូលរួមសហការអនុវត្តឲ្យបានជោគជ័យ៕