(ទីក្រុងប្រិសបិន ប្រទេសអូស្រ្តាលី)៖ នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នេះ នាទីក្រុងប្រិសបិន ប្រទេសអូស្រ្តាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ដែលជាសមាជិក -សមាជិកា គណបក្សប្រជាជនកម្ពុជាកំពុងរស់នៅទីក្រុងប្រិសបិន បានជួបជុំគ្នា ដើម្បីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨-មិថុនា-១៩៥១-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុតក្នុងន័យចងចាំជានិច្ចនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ និងបានដឹកនាំប្រទេសជាតិប្រកដដោយសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួន ព្រមទាំងគ្រាប់ភ្នែកម្ខាងផងដែរ ដើម្បីតែជាតិមាតុភូមិ និងប្រជាជនកម្ពុជាយើង។
កម្មវិធីនេះបានសហការរៀបចំឡើងដោយលោក ស៊ូនី វង្សវិសិដ្ឋ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ តំបន់៤ (Brisbane) និងគណៈកម្មាធិការសាខាបក្ស ព្រមទាំងប្រធានក្រុមការងារយុវជនគណបក្ស ប្រចាំនៅទីក្រុងប្រិសបិន លោក ហូ វិសិត្រ ដោយស្ថិតក្រោមអធិបតីភាពលោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ លោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងលោកស្រី ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត៕