(ភ្នំពេញ)៖ ព្រឹទ្ធសភានៃកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅទី២៤ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីប្រជុំពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៦ នៅវិមានព្រឹទ្ធសភា ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១៩នេះ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា របៀបវារៈសំខាន់ៗទាំង៦នេះរួមមាន៖
១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នីតិកាលទី៤។
២៖ ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤។
៣៖ ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នីតិកាលទី៤។
៤៖ ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋគួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នីតិកាលទី៤។
៥៖ ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៧ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នីតិកាលទី៤។
៦៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី៣ព្រឹទ្ធសភា នីតិកាលទី៤៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖