(ភ្នំពេញ)៖ ជាថ្មីម្តងទៀតកាលពីយប់មិញ ខ្ញុំបានលឺការអំពាវនាវបែបវង្វេងស្មារតីរបស់លោក សម រង្ស៊ី ទៅកាន់កងកម្លាំងប្រដាប់អាវុធឲ្យងើបឡើងបះបោរប្រឆាំងរដ្ឋាភិបាលដើម្បីទម្លាក់មេដឹកនាំដែលកើតចេញពីការបោះឆ្នោតតាមរយៈការប្រើកម្លាំងក្រៅច្បាប់។ ជាច្រើនលើកមកហើយដែលលោក សម រង្ស៊ី តែងតែបានខ្ជាក់ពាក្យសម្តី មិនចេះអៀនខ្មាស ជាសម្តីរបស់មេដឹកនាំចលនាឧទ្ទាមហើយ ដែលស្តាប់ទៅគឺពិតជាសម្តីរបស់មនុស្សទាល់ច្រក អស់ក្រឡាដើរ និងវង្វេងស្មារតីគិតអ្វីមិនចេញ។ 

ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងនិយាយបែបនេះ?

ទី១៖ ក្នុងដំណើរជីវិតនយោបាយកម្ពុជាគឺ លោក សម រង្ស៊ី នេះហើយគឺជាអ្នកនយោបាយដែលបានប្រមាថមាក់ងាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយ៉ាងខ្លាំងបំផុត។ ខ្ញុំចាំច្បាស់ណាស់គឺមិនដឹងជាប៉ុន្មានសិបដងទេ ដែល សម រង្ស៊ី បានចាត់ទុកកងកម្លាំងប្រដាប់អាវុធរបស់ជាតិ (ទាំងនគរបាល អាវុធហត្ថ យោធា និងកងអង្គរក្ស) ថាជាកម្លាំងស៊ីឈ្នួល។ គឺ សម រង្ស៊ី នេះហើយដែលបានបន្ថោកបន្ទាបតម្លៃកម្លាំងប្រដាប់អាវុធដែលធ្វើឲ្យពួកគេឈឺចាប់បំផុត។ លុះឥឡូវដល់ពេលទាល់ច្រកអស់ក្រឡាដើរ ស្រាប់តែ សម រង្ស៊ី បែរជាមកធ្វើការសម្តែងតួជាអ្នកស្រឡាញ់យកចិត្តទុកដាក់ចំពោះកម្លាំងប្រដាប់អាវុធ និងអំពាវនាវឲ្យពួកគេឈរនៅខាងខ្លួនដែលកំពុងមានចេតនាបង្ក ចលាចលសង្គម បំផ្លាញសណ្តាប់ធ្នាប់សាធារណៈ និងបំផ្លាញសន្តិសុខជាតិទាំងមូល។

ប៉ុន្តែ សម រង្ស៊ី ដូចជាភ្លេចគិតថា កងកម្លាំងប្រដាប់អាវុធត្រូវបានបង្កើតឡើងដើម្បីការពារជាតិ ការពាររដ្ឋាភិបាលស្របច្បាប់ រក្សាសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគឺការពារ សន្តិសុខជាតិ។ ដូច្នេះតាមខ្ញុំយល់គឺអ្នក ដែលកងកម្លាំងប្រដាប់អាវុធតាម រកមុខបំផុតគឺអ្នកបំផ្លាញសន្តិសុខជាតិ បំផ្លាញភាពសុខសាន្តរបស់ប្រជាជន ហើយនោះគឺគ្មានអ្នកណាក្រៅពី សម រង្ស៊ី ខ្លួនឯង នេះហើយដែលកម្លាំងប្រដាប់អាវុធរកមុខបំផុត និងកំពុងត្រៀមខ្លួនជាស្រេចដើម្បីចាត់ការតាម បទបញ្ជារបស់រដ្ឋាភិបាល។

ទី២៖ សម រង្ស៊ី ពិតជាអស់សង្ឃឹមលើអ្នកគាំទ្ររបស់ខ្លួនដែលកំពុងបែកបាក់យ៉ាងខ្លាំងនិងក៍លែងរវីរវល់ក្នុងរឿងគាំទ្រនយោបាយបំបែកបំបាក់ជាតិរបស់ខ្លួនតទៅ ទៀតហើយដែរ។ កាលពីមុននេះ លោក សម រង្ស៊ី អួតអាងថា ខ្លួនមានអ្នកគាំទ្ររាប់លាននាក់រង់ចាំទទួលស្វាគមន៍រាប់ទាំងពលករនៅកូរ៉េ នៅថៃផង។ ប៉ុន្តែក្រោយពីការស្ទង់កម្លាំងជាច្រើនលើកមក សម រង្ស៊ី ពិតជាយល់និងដឹងច្បាស់ណាស់ថា ពេលនេះ នៅមានមនុស្សតិចតួចបំផុតដែលនៅដើរតាមនយោបាយបោកប្រាស់រកស្រោមសំបុត្ររបស់ខ្លួនទៀត។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ងាកមកលួងលោមកងកម្លាំងប្រដាបអាវុធវីញម្តងដោយប្រើភាសាចាស់គំរឹល ដែលខ្លួនធ្លាប់ប្រើរយៈពេល ជាងពីរទសវត្សរ៍មកហើយរហូតធ្វើឲ្យពលរដ្ឋខ្មែរជ្រិញ ស្រគៀរ ត្រចៀកលែងចង់ស្តាប់តទៅទៀតព្រោះបើស្តាប់ទៅគឺសេចក្តីអំពាវនាវរបស់ សម រង្ស៊ី មិនខុសពីសំឡេងភ្លេងខ្លងខែក ដែលកំពុងជូនដំណើរអ្នកនយោបាយរូបនេះដែលមានអាយុ៧០ឆ្នាំហើយនោះទៅកាន់ទីអវសាននោះឡើយ។

ទី៣៖ ខ្ញុំយល់ថា លោកសម រង្ស៊ី កំពុងតែលួចកម្មសិទ្ធបញ្ញារបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយ ~ Sam Rainsy is stealing the Intellectual Property Rights of Samdech Hun Sen ព្រោះគាត់កំពុងតែលួចចម្លងគោលគំនិតនយោបាយឈ្នះៗរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន យកមកប្រើដោយសន្យារក្សាតួនាទី បុណ្យស័ក្តិ
ទ្រព្យសម្បត្តិ ជាដើម។ សម រង្ស៊ី ក៏ថែមទាំងបានលួងលោមកងកម្លាំងប្រដាប់អាវុធដោយសន្យាតម្លើងស័ក្តិ និងប្រាក់ខែដល់ពួកគេថែមទៀត។ ប៉ុន្តែ សម រង្ស៊ី ដូចជាភ្លេចគិតថា នយោបាយឈ្នះៗដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើដោយជោគជ័យដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជានោះ គឺជានយោបាយដែលកើតចេញពីបញ្ញាញាណផ្ទាល់ របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងវាបានកើតឡើងក្នុងកាលៈទេសៈដែល ប្រទេសជាតិកំពុងតែមានសង្គ្រាមដែលសូម្បីតែអ៊ុនតាក់ក៍បរាជ័យដែរ។ ហើយក៍មានតែ នាយករដ្ឋមន្រ្តី ហ៊ុន សែន ម្នាក់គត់ដែល មានគំនិតផ្តួចផ្តើមនិងបញ្ញាវាងវៃក្នុងការបញ្ចប់សង្គ្រាមដោយមិនធ្វើសង្គ្រាមតាមរយៈនយោបាយឈ្នះៗ។ ប៉ុន្តែបច្ចុប្បន្នប្រទេសជាតិកំពុងស្ថិតក្នុង សុខសន្តិភាព និងការអភិវឌ្ឍន៍ដែលពលរដ្ឋខ្មែរគ្រប់គ្នា ទាំងស៊ីវិលនិងកម្លាំងប្រដាប់អាវុធកំពុងសប្បាយរីករាយនឹងសមិទ្ធផលដែលពួកគេទទួលបាន។

ដូច្នេះតើខ្មែរណាទៅស្តាប់ និងធ្វើតាមការអំពាវនាវដែលនាំប្រទេសជាតិ ទៅរកភាពវឹកវរតាម សម រង្ស៊ី ចង់បាននោះ? សម រង្ស៊ី កំពុងលួចកម្មសិទ្ធបញ្ញា ~ Intellectual Property Rights ~ របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅប្រើដោយខុសកាលៈទេសៈទាំងស្រុងហើយ។ ខ្ញុំហ៊ានថា ខុសត្រង់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើនយោបាយឈ្នះៗ ដើម្បីបញ្ចប់សង្គ្រាម រីឯ សម រង្ស៊ី កំពុងលួចគំនិតនយោបាយឈ្នះៗទៅប្រើដើម្បីបង្កសង្គ្រាមទៅវិញ។

ទី៤៖ ដោយហេតុថា សម រង្ស៊ី មានខួរក្បាលដឹតដាមដោយចលនាបដិវត្តន៍ពណ៌ និងបានប៉ុនប៉ងចម្លងបដិវត្តន៍ពណ៌មក អនុវត្តន៍នៅកម្ពុជាជាច្រើនលើកតែ ត្រូវទទួលបរាជ័យគ្រប់ពេល។ ទោះយ៉ាងណាគំនិតបដិវត្តន៍ពណ៌នេះនៅមិនទាន់ចប់នៅឡើយទេ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី បានលើក ឧទាហរណ៍ចំៗដែលខ្លួនបានចម្លងមកធ្វើជាគំរូ ដូចជានៅប្រទេសទុយនេស៊ី លីប៊ី អេហ្ស៊ីប ជាដើម។ នេះសបញ្ជាក់ច្បាស់ណាស់ថា សម រង្ស៊ី គឺជាមេចលនាបដិវត្តន៍ពណ៌ចំតួ ទោះកន្លងទៅខ្លួនបានបដិសេធក៏ដោយ តែពេលនេះបានធ្លោយចេញមកសារភាពដោយចំហរតែម្តង។

ទី៥៖ សម រង្ស៊ី សន្យាផ្តល់បុណ្យ ស័ក្តិ ប្រាក់ខែ ដល់កម្លាំងប្រដាប់អាវុធតែ សម រង្ស៊ី ភ្លេចគិតថា បុណ្យស័ក្តិ និងប្រាក់ខែដែលគាត់និយាយជាបុណ្យស័ក្តិ និងប្រាក់ខែខ្យល់។ ដូច្នេះគ្មានអ្នកណាគេឆោតល្ងង់ទៅចាក់អង្ករចោលដូរយកអង្កាមនោះឡើយ។ ម្យ៉ាងទៀត បើ សម រង្ស៊ី ចង់ផ្តល់បុណ្យស័ក្តិ និងលុយកាក់ គួរតែផ្តល់ជូនមន្ត្រីសកម្មជនរបស់ខ្លួន ទៅ។ ប៉ុន្តែមួយជីវិតនយោបាយរបស់ខ្លួន ខ្ញុំមិនដែលឃើញនិងលឺ សម រង្ស៊ី ធ្លាប់បានផ្តល់ប្រយោជន៍ដល់អ្នកណាម្តងនោះទេ? គឺគ្មានទាល់តែសោះក្រៅតែពីខ្លួនឯង ក្រុមគ្រួសាររបស់ខ្លួន និងមនុស្សជិតស្និទ្ធប៉ុន្មាននាក់។

ផ្ទុយទៅវិញ អ្វីដែលយើងបានលឺ និងឃើញច្បាស់នោះគឺអ្នកនយោបាយរូបនេះមានតែដើរបោកប្រាស់កេងចំណេញ ពីប្រជាពលរដ្ឋនិងសកម្មជនរបស់ខ្លួនដោយយកពួកគេ ធ្វើជាឈ្នាន់នយោបាយតែប៉ុណ្ណោះ។ មើលចុះលទ្ធផលសម្រាប់អ្នកស្មោះស្ម័គ្រដង្ហែតាម សម រង្ស៊ី គឺទីបំផុត អ្នកខ្លះធ្លាក់ខ្លួនកាន់តែក្រ អ្នកខ្លះរត់ចោលស្រុក ចោលប្រពន្ធកូន និងអ្នកខ្លះទៀតជាប់គុកដោយសារតែជឿលើការអុជអាលញុះញង់របស់ សម រង្ស៊ី ហើយប្រព្រឹត្តអំពើខុសច្បាប់។

ដូច្នេះតើ សម រង្ស៊ី មានបុណ្យស័ក្តិ លុយកាក់ឯណាមកសន្យាផ្តល់ឲ្យគេ បើខ្លួនគាត់កំពុងរត់គេចពីសំណាញ់ច្បាប់ផង ហើយក៍រស់ដោយសារតែ នយោបាយបោកយកស្រោម សំបុត្រពីខ្មែរនៅក្រៅស្រុកបែបនេះ? ផ្ទុយទៅវិញ បើយើងក្រឡេក មើលថយក្រោយ គឺនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះហើយដែលជាអ្នកបង្កើតកម្លាំងប្រដាប់អាវុធសព្វថ្ងៃនេះឡើង និងបានថែទាំពួកគេជារៀងរហូតមកក្នុងគ្រប់កាលៈ ទេសៈ។ នេះហើយជាហេតុផលដែលធ្វើឲ្យកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទគោរព ស្រឡាញ់ និងស្មោះស្ម័គ្របំផុត ជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ហើយនេះជាចំណុចខ្លាំងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយកម្លាំងប្រដាប់អាវុធដែល សម រង្ស៊ី មិនគួរដេកស្រមៃទាំងកណ្តាលថ្ងៃថា អាចបំបែកកម្លាំងប្រដាប់អាវុធបានឲ្យសោះ។

សរុបទៅខ្ញុំយល់ថា សំឡេងអំពាវនាវរបស់ សម រង្ស៊ី គឺជាសំឡេងខ្លងខែកហែកលោក ដែលត្រៀមដង្ហែជីវិត នយោបាយ សម រង្ស៊ី ទៅរកទីបញ្ចប់ជាស្ថាពរតែប៉ុណ្ណោះ ហើយក៍ជាសំឡេងអំពាវនាវក្នុងគ្រាអស់សង្ឃឹម ទាល់ច្រក និងវង្វេងស្មារតីដោយសារតែជាប់កុននឹងពាក្យសន្យាខ្សល់របស់ខ្លួនដ៍ច្រើនលើសលប់ពេក។ នេះហើយជាប្រភេទមនុស្ស «ភូតច្រើនចាញ់អាត្មា» ហើយពេលនេះ ដោយសារតែពាក្យភូរភររបស់ខ្លួនតាមលង សម រង្ស៊ី កំពុងតប់ប្រមល់មិនដឹងថាត្រូវដោះស្រាយយ៉ាងណា?

បើហ៊ានអើតក្បាលមកកម្ពុជាច្បាស់ជាត្រូវគេចាប់ញាត់គុក។ បើមិនមកច្បាស់ជាត្រូវអ្នកគាំទ្រជេរប្រទិចថាកំសាក។ ដូច្នេះ មានតែការអំពាវនាវផ្សងព្រេងតែ
ប៉ុណ្ណោះដើម្បីអូសក្រឡាហើយពេលនេះ អ្វីដែលច្បាស់លាស់បំផុតគឺកងកម្លាំងប្រដាបអាវុធគ្រប់ប្រភេទកំពុងត្រៀមរង់ចាំអនុវត្តយ៉ាងហ្មឺម៉ាត់បំផុតនូវធម៍ក្តៅចំពោះ សម រង្ស៊ី គឺរង់ចាំនាំខ្លួនទៅញាត់គុកតាមសាលដីកាតុលាការ ដើម្បីការពារសណ្តាប់ធ្នាប់សង្គម ការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាជន៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ