(ព្រះសីហនុ)៖ បុណ្យសមុទ្រពិភពលោក (World Oceans Day) គឺជាឱកាសតែមួយគត់ដើម្បីភ្ជាប់សហគមន៍មូលដ្ឋាន និងសហគមន៍សកលលោកទាំងមូល ក្នុងការចាត់វិធានការដើម្បី ការពារធនធាន និងបរិស្ថានសមុទ្រ។
ភាពជោគជ័យនៃថ្ងៃនោះ គឺដោយសារតែការសហការគ្នាល្អរវាងប្រជាសហគមន៍ អាជីវករ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងអង្គការក្រៅរដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងពីអត្ថន័យដ៏ជ្រាលជ្រៅអំពីបុណ្យសមុទ្រពិភពលោក ក្រោមប្រធានបទ៖ យេនឌ័រ និងសមុទ្រ។ ឆ្នាំនេះក្រុមការងារគម្រោងអភិរក្សធនធានតំបន់ឆ្នេរ និងសមុទ្រ ដោយមានកិច្ចសហការរវាងរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) មានគោលបំណងដូចខាងក្រោម៖
*លើកកម្ពស់ការយល់ដឹងជាសាធារណៈទាក់ទងនឹងគុណតំលៃសមុទ្រ និងការចូលរួមមអភិរក្ស
*ការពារ និងស្តារព្រៃកោងកាងនៅប្រជុំកោះរ៉ុងតាមរយៈការដាំកូនកោងកាង និងការដាក់ស្លាកសញ្ញាអរ់រំ
*លើកកំពស់តួនាទីយេនឌ័រ (ស្ត្រី) ទាក់ទងនឹងការគ្រប់គ្រងធនធានសមុទ្រ
*ផ្សព្វផ្សាយវិធីលែងអណ្តើកសមុទ្រទៅក្នុងធម្មជាតិដោយសុវត្ថិភាព
*លើកម្ពស់ការយល់ដឹងពីការបំពុល និងការចូលរួមទប់ស្តាត់សំណល់ប្លាស្ទិកទៅក្នុងសមុទ្រ។
ពេលនោះក៏មានការចាក់បញ្ចាំងភាពយន្តស្តីអំពី សមុទ្រនាពេលរាត្រី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ទាំងនៅកោះរ៉ុង និងកោះស្តេច ដែលមានវត្តមានសិស្សានុសិស្ស ប្រជាសហគមន៍ អាជីវករ និងភ្ញៀវទេសចរ សរុបប្រមាណ១០០នាក់ ប្រមូលផ្តុំគ្នាដើម្បីទស្សនាសម្រស់ធនធានបាតសមុទ្រដ៏អច្ឆរិយនៃព្រះរាជាណាចក្រកម្ពុជា និងស្វែងយល់អំពីបញ្ហាប្រឈមនានា ជាពិសេសការបំពុល សំណល់ប្លាស្ទិចទៅក្នុងសមុទ្រ និងដំណោះស្រាយរួមគ្នាចំពោះការថែរក្សា ធនធាន និងបរិស្ថានសមុទ្ររបស់យើង ក៏ដូចជាសមុទ្រពិភពលោកផងដែរ។
នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១៩ ប្រជាសហគមន៍ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន កងកំលាំង ភ្ញៀវទេសចរសរុបប្រមាណ ១៨០ បានចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីសម្អាតឆ្នេរសមុទ្រនៅកោះរ៉ុង និងនៅកោះស្តេច ដោយបានសំណល់ប្លាស្ទិកសរុបជាង៤៥០ គីឡូក្រាម។ ទោះបីស្ថិតក្រោមពន្លឺព្រះអាទិត្យ ក៏ពួកយើងបានដាំកូនកោងកាងប្រមាណ ៦៥០ដើម រួមទាំងដាក់ស្លាក និងផ្ទាំងខិតប័ណ្ណអប់រំប្រមាណ ៥០០សន្លឹក ប្រកបដោយសេចក្តីសោមន្សរីករាយ និងសុទិដ្ឋិនិយមចំពោះពិធីបុណ្យសមុទ្រពិភពលោកនេះ។
ជាថ្មីម្តងទៀត សូមកោតសរសើរ និងថ្លែងអំណរគុណដល់ប្រជាសហគមន៍មូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យុវជនយុវតី ភ្ញៀវទេសចរ អាជ្ញាធរពាក់ព័ន្ឋ មន្ទីរជំនាញ និងដៃគូអភិវឌ្ឃន៍នានា ក្នុងគោលដៅអភិវឌ្ឍន៍ និងអភិរក្សនូវធនធានធម្មជាតិ អោយមាននិរន្តរភាព សម្រាប់យើងទាំងអស់គ្នា។ សមុទ្រមានសុខភាពល្អ នោះសុខភាពរបស់ប្រជាពលរដ្ឋក៍មានសុខភាពល្អដែរ៕