(ភ្នំពេញ)៖ ដើមស្រឡៅ បានដុះលូតលាស់ភាគច្រើន នៅតំបន់អាស៊ីអាគ្នេយ៍ និងនៅប្រទេស ដែលមានទទួលអាកាសធាតុត្រូពិច។ នៅប្រទេសកម្ពុជា ដើមស្រឡៅដុះភាគច្រើននៅតំបន់ភ្នំ និងខ្ពង់រាបភាគខាងជើងនៃប្រទេសរួមមាន៖ ខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ដើមស្រឡៅ មានមែកតូចៗបែកចេញពីដើមដែលដុះត្រង់ទៅលើ និងមានកម្ពស់រហូតដល់ទៅជាង២០ម៉ែត្រ។ ដើមស្រឡៅមានស្លឹកតូចៗពណ៌បៃតងស្រស់ សាច់ឈើពណ៌សថ្លា រឹង និងសំបករលោង ប៉ុន្តែគម្រើមដូចជាស្រកាពស់។ ដើមស្រឡៅចេញផ្កាពណ៌ស្វាយស្រស់ក្នុងមួយឆ្នាំម្តង នៅរដូវក្តៅ។
តាមវចនានុក្រុម សម្តេចសង្ឃរាជ ជួន ណាត ស្រឡៅ គឺជាឈ្មោះឈើធំមួយប្រភេទសណ្ឋានស្រដៀងនឹងត្របែកព្រៃ ប៉ុន្តែដើមធំជាង សាច់ស្និទ្ធស្អាតជាង ហើយប្រើធ្វើការបានច្រើនយ៉ាង ៖ ក្ដារស្រឡៅ, ទូស្រឡៅ និង តុស្រឡៅ ។ ប្រជាជនខ្មែរនិយមយកដើមស្រឡៅយកមកកែច្នៃធ្វើជាគ្រឿង តុ ទូ កៅអី គ្រែ ច្រវាទូក និងគ្រឿងឈើសម្រាប់ធ្វើទូក។ ប្រជាជនខ្មែរខ្លះទៀត ក៏បានអារ និងច្រៀកដើមស្រឡៅធ្វើជាក្តារ និងគ្រឿងឈើសម្រាប់សង់ផ្ទះ។
បើតាមទំនៀមទម្លាប់ និងជំនឿពីបុរាណរបស់អ្នកស្រុកស្វាយលើ ក្នុងខេត្តសៀមរាប និងស្រុកគូលែន ខេត្តព្រះវិហារ នៅពេលអ្នកស្រុករៀបចំសាងសង់ផ្ទះថ្មី ម្ចាស់ផ្ទះត្រូវមានឈើចំនួន១២មុខ រួមទាំងស្រឡៅ មកផ្សំធ្វើជាគ្រឿងផ្ទះ មានដូចជា សសរ ផ្ទោង ផ្លាន ក្តារ រនាបក្រាល បង្កង់ រនុក រនង ដើម្បីឲ្យម្ចាស់ផ្ទះសម្បូរសប្បាយ និងចម្រុងចម្រើន។
ដោយសារប្រជាជនខ្មែរមានជំនឿ ប្រពៃណី វប្បធម៌ និងរស់នៅប្រចាំថ្ងៃជាមួយធម្មជាតិតាំងពីយូរលង់ណាស់មកហើយ ទើបប្រជាជនខ្មែរ អ្នកនិពន្ធ និងអ្នកប្រាជ្ញពីសម័យបុរាណខ្លះបានយកឈ្មោះដើមឈើ មកដាក់ឈ្មោះភូមិ ឬសហគមន៍ដែលខ្លួនបានរស់នៅ ដាក់ឈ្មោះបទចម្រៀងដែលខ្លួនបានតែងនិពន្ធ និងបានសរសេរក្នុងសុភាសិតដើម្បីអប់រំ និងប្រៀនប្រដៅមនុស្ស ដោយបានដើមស្រឡៅមកភ្ជាប់ជាមួយ ដែលមានឃ្លាមួយពោលថា «កុំពត់ស្រឡៅ កុំប្រដៅមនុស្សខូច»។
សុភាសិតនេះ បានបង្ហាញពីតថភាពសង្គមខ្មែរ ដោយបានបង្កប់នូវគំនិត ការសញ្ចឹងគិត ការត្រិះរិះពិចារណា និងការអប់រំដោយបានប្រៀបធៀបដើមឈើ និងធម្មជាតិទៅនឹងអត្តចារិតរបស់មនុស្ស។ ស្រឡៅ គឺជាឈើមួយប្រភេទដែលមានសាច់រឹង ហេតុដូច្នេះហើយយើងមិនងាយពត់ស្រឡៅទៅតាមចិត្តដែលយើងចង់បាននោះទេ។ នៅពេលដែលយើងខំប្រឹងពត់ឈើស្រឡៅកាន់តែខ្លាំង ក៏អាចបណ្តាលឲ្យស្រឡៅបាក់ដែរ។ ម្យ៉ាងទៀត ស្រឡៅមានសាច់ឈើរមូរចូលគ្នាជាក្រុម ដែលជាងឈើតែងប្រើឃ្នៀបគៀបតម្រង់ ប៉ុន្តែនៅពេលដកឃ្នៀបចេញ ឈើស្រឡៅបានរមូរត្រឡប់ទៅរកសភាពដើមវិញដដែល។ រីឯមនុស្សខូច គឺសំដៅទៅលើមនុស្សដែលមានគំនិត មាយាទអាក្រក់ វៀចវេរ និងមនុស្សដែលបង់អស់នូវកិត្តិយស សេចក្តីថ្លៃថ្នូ ដែលពិបាកនឹងក្រែប្រែចារិត និងប្រែខ្លួនទៅជាមនុស្សល្អបាន។
ទោះបីយ៉ាងណាក៏ដោយ ក៏សុភាសិតនេះបានបង្កប់នូវខ្លឹមសារអប់រំជ្រាលជ្រៅ ភាពវៃឆ្លាត និងប្រាជ្ញារបស់មនុស្សក្នុងដោះស្រាយរាល់បញ្ហាស្មុគស្មាញដែលបានកើតឡើងនៅក្នុងសង្គម។ មនុស្សអាចកែច្នៃធម្មជាតិ ដោយយកឈើស្រឡៅដែលមានសាច់រឹង ស្រួយ និងរមូរទៅជាសម្ភារប្រើប្រាស់តាមតម្រូវការ និងគ្រឿងសង្ហារឹមសម្រាប់តាំងលម្អនៅតាមផ្ទះ ការិយាល័យធ្វើការ និងតាមទីសាធារណនានា។ មនុស្សក៏អាចក្រែប្រែជនខិលខូច បោកប្រាស់ ចោរលួច ចោរប្លន់ រហូតដល់ទៅឧក្រិដ្ឋជនឲ្យក្លាយទៅជាល្អមនុស្សបានដែរ តាមរយៈការអប់រំ រៀនសូត្រ បណ្តុះបណ្តាលជំនាញ វិជ្ជាជីវ សីលធម៌ និងសង្គមជាដើម។
នៅក្នុងបទចម្រៀងខ្មែរ អ្នកនិពន្ធទំនុកចម្រៀង គង់ ប៊ុនធឿន ក៏បានយកដើមស្រឡៅមកតាក់តែងចេញជាបទចម្រៀងដែលចំណងជើង «ម្លប់ស្នេហ៍ដើមស្រឡៅ»។ គង់ ប៊ុនធឿន មុនពេលទទួលមរណភាព បានរៀបរាប់ពីប្រវត្តិនៃការតែងនិពន្ធបទចម្រៀងនេះដូចតទៅ ៖ នៅឆ្នាំ១៩៧៣ ខ្ញុំបានសរសេរសៀវភៅប្រលោមមួយក្បាលដែលមានចំណងជើងថា «ជំនោរប៉ៃលិន»។
សៀវភៅប្រលោមនេះ បានក្លាយជាសៀវភៅដ៏ពេញនិយមក្នុងចំណោមអ្នកអាន ដូច្នេះហើយលោក សូ ម៉ាន់ចាន់ ចាងហ្វាងផលិតកម្ម «វណ្ឌចន្ទ» ភាពយន្តបានទិញសិទ្ធិសៀវភៅនេះដើម្បីថតជាខ្សែភាពយន្ត។ ទន្ទឹមនឹងនោះ ស្ទូឌីយោចម្រៀងបានស្នើសុំខ្ញុំឲ្យនិពន្ធបទចម្រៀងចំនួន៤បទថែមទៀត ដើម្បីដាក់បញ្ចូលទៅក្នុងខ្សែភាពយន្តនោះ។ បទចម្រៀងទាំងនោះគឺ ៖ ១) ម្លប់ស្នេហ៍ដើមស្រឡៅ ២) ទំនួញហ្គីតាមាស ៣) ជំនោរប៉ៃលិន និង ៤) បេះដូងកំព្រា។ បទចម្រៀងទាំង៤នេះមានប្រជាប្រិយភាពយ៉ាងខ្លាំង បន្ទាប់ពីខាងស្ទូឌីយោបានស្នើសុំសិទ្ធិលើបទចម្រៀងទាំងនេះហើយថតចម្លង ចែកចាយនៅតាមថាសចម្រៀងកាសែត និងចាក់ផ្សាយ។
ជាអកុសល ខ្សែភាពយន្តនេះមិនទាន់បញ្ចប់ទេ ហើយក៏មិនបានចាក់បញ្ចាំងដែរ រហូតដល់យោធាខ្មែរក្រហមមកដល់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា ធ្លាប់បាននិយាយថា អ្នកទាំងពីរបានច្រៀងចម្រៀង «ម្លប់ស្នេហ៍ដើមស្រឡៅ» ចេញពីបេះដូង និងពីសមត្ថភាពច្រៀងរបស់ខ្លួន។ ទោះបីបទចម្រៀងនេះបានកើតឡើង និងពោលរៀបរាប់លម្អិតតែនៅតំបន់ប៉ៃលិន អមជាមួយទំនុកភ្លេងស្រាល ស្រទន់ ផ្អែមល្ហែម ក៏ធ្វើឲ្យចម្រៀងនេះក្លាយទៅជាក្តីសុបិន្តរបស់អ្នកស្តាប់ និងភាពស្រស់ស្អាតកាន់តែខ្លាំងឡើងដែរ។
គង់ ប៊ុនឈឿន បានរៀបរាប់ថា «មានការចងចាំមួយដែលមិនអាចបំភ្លេច ហើយដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្ត។ ខ្ញុំបានជួប ស៊ិន ស៊ីសាមុត នៅវត្តចម្ប៉ា ស្ថិតនៅក្នុងឃុំព្រែកឯង នៅពេលដែល ប៉ុល ពត បានជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥។ ស៊ិន ស៊ីសាមុត បានអង្គុយដោយយកកែងដៃរបស់គាត់ច្រតលើជង្គង់ ហើយដៃទាំងពីររបស់គាត់អង្អែលក្បាលឆករបស់គាត់នៅក្នុងផ្ទះឈើមួយ ដោយមានយោធាខ្មែរក្រហមវ័យក្មេងព័ទ្ធជុំវិញ។
យោធាខ្មែរក្រហមវ័យក្មេងទាំងនោះបានឲ្យអង្ករ និងអាហារទៅ ស៊ិនស៊ីសាមុត ដោយស្នើសុំឲ្យ ស៊ិន ស៊ីសាមុត ច្រៀងចម្រៀងមួយបទ។ បទចម្រៀងដែលត្រូវបានស្នើសុំនោះគឺ «ម្លប់ស្នេហ៍ដើមស្រឡៅ»។
ខ្ញុំបានឮ ស៊ិន ស៊ីសាមុត ឆ្លើយតបទៅនឹងយោធាខ្មែរក្រហមវ័យក្មេងទាំងនោះដោយការញញឹមស្ងួតថា «ការច្រៀងរបស់ខ្ញុំមិនល្អទៀតទេ...»។ នៅពេលឮពាក្យទាំងនោះ ខ្ញុំមានអារម្មណ៍សោកសង្រេងយ៉ាងខ្លាំងចំពោះ ស៊ិន ស៊ីសាមុត ហើយទឹកភ្នែករបស់ខ្ញុំក៏បានហូរចេញមក។
នៅពេលខ្ញុំរៀបចាកចេញបន្តដំណើរទៅមុខទៀតនោះ ស៊ិន សាមុត បានលួចខ្សឹបប្រាប់ខ្ញុំស្ងាត់ៗថា «ឈឿន! ត្រឡប់ទៅស្រុកកំណើតវិញចុះ ចំណែកខ្ញុំមិនទាន់អាចត្រឡប់ទៅវិញភ្លាមទេ ព្រោះប្រពន្ធរបស់ខ្ញុំ ទើបសម្រាលកូនបានរយៈពេល៣ថ្ងៃប៉ុណ្ណោះ»។ ខ្ញុំបាននិយាយទៅកាន់ ស៊ិន ស៊ីសាមុត វិញថា «សូមស៊ូទ្រាំ ហើយកុំអស់សង្ឃឹមឲ្យសោះ។ ថ្ងៃណាមួយយើងនឹងបានទៅច្រៀង នៅភ្នំពេញវិញមិនខានឡើយ!»។
ស៊ិន ស៊ីសាមុត បានឆ្លើយទាំងឈឺចាប់នៅឃ្លាចុងក្រោយថា «មិនអាចទេ ឈឿន! ខ្ញុំបាត់បង់ក្តីសង្ឃឹមរបស់ខ្ញុំអស់ហើយ។ យើងប្រហែលជាមិនបានជួបមុខគ្នាម្តងទៀតទេ ហើយខ្ញុំក៏មិនប្រាកដថាបានច្រៀងចម្រៀងរបស់ ឈឿន ដែរ!»។ ដោយចៃដន្យ មានយោធាខ្មែរក្រហមវ័យក្មេងពីរបីនាក់ទៀតកំពុងយួរវិទ្យុដែលកំពុងចាក់ផ្សាយបទចម្រៀង «ម្លប់ស្នេហ៍ដើមស្រឡៅ» មកឲ្យ ស៊ិន ស៊ីសាមុត ស្តាប់ រួចសួរថា «តើអ្នកច្រៀងបទចម្រៀងនេះមែនទេ?»។ ស៊ិន ស៊ីសាមុត បានងក់ក្បាល។ បទចម្រៀងនេះ មានអត្ថន័យដូចខាងក្រោម៖
I. (ស) - ក្អែកខ្មៅបូលយំ លើភ្នំផ្កាយព្រឹក សំឡូតអូននឹក រលឹកអូរដា ស្នឹងស្ដៅត្រែងត្រាក ជីសាកទ្រូងខ្លា បល្ល័ងជលសា បុស្បាផ្កាព្រៃ ។
II. (ប) - យើងនាំគ្នារត់ កាត់ភ្នំដំបង កំពង់ចម្លងក្រងម្កុដស្នេហ៍ថ្មី ស្រឡៅស្រឡូន ភ្នំកូនដំរី សន្សើមជោគដី ដៃអូនជាខ្នើយ ។
R. (ស) - ត្រកួនព្រលិត ចិត្តដូចតែគ្នា ស្មោះនឹងស្នេហា ពុំដែលកន្ដើយ
(ប) - បងនឹងពុះពារ លុះត្រាដល់ត្រើយ អូនកុំព្រួយឡើយ ណ៎ាស្រស់ពិសី ។
III. (ប) - ចង្រិតស្រែកច្រៀង ចម្រៀងអភ័ព្វ មន្តស្នេហ៍ព្រៃគុប ម្លប់ដើមស្រឡៅ
(ស) - អូនលក់បេះដូង ជូនទ្រូងប្រុសពៅ ពីថ្ងៃនេះទៅ យើងបានសុខអើយ ។
នៅក្នុងរបបខ្មែរក្រហមសិល្បករ អ្នកចម្រៀង គឺជាគោលដៅនៃការតាមដាន ចាប់ខ្លួន និងឃុំឃាំង។ ខ្មែរក្រហមបានចាត់ទុកថា សិល្បករបានបង្កឲ្យសង្គមចលាចល ពាលាអាវាសែ ទៅតាមវប្បធម៌បរទេស ដែលប្រឆាំងនឹងមាគ៌ាបដិវត្តន៍។ សិល្បករជាច្រើន បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ មានសិល្បករតិចតួចប៉ុណ្ណោះដែលនៅរស់ជីវិតបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ហើយក្នុងចំណោមអ្នកទាំងនោះមួយចំនួន បានភៀសខ្លួន និងបន្តរស់នៅបរទេសរហូតមកដល់សព្វ។ ដើមស្រឡៅមិនត្រឹមតែមានបង្ហាញពីសម្រស់នៃធម្មជាតិ សេចក្តីសេ្នហា ភាពសប្បាយរីករាយរបស់មនុស្សប៉ុណ្ណោះទេ គឺបានផ្សាភ្ជាប់ទៅនឹងប្រវត្តិសាស្រ្តនៃភាពភ័យរន្ធត់ខ្លោចផ្សារ និងការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហម។
ដោយ ៖ សោម ប៊ុនថន អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត