(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត អមដំណើរដោយលោកស្រី ស្នងការរងនគរបាលខេត្ត លោកអភិបាលស្រុកត្បូងឃ្មុំ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្រុមកាកបាទក្រហមឃុំមង់រៀវ បានចុះសួរសុខទុក្ខកុមារី អាយុ៩ឆ្នាំ នៅភូមិជ្រោយចង្ហារ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ដែលបានទទួលរង នូវអំពើរំលោភសេពសន្ធវៈពីជនល្មើស ដែលជាឪពុកមាររបស់កុមារី។
ក្នុងឱកាសសំណេះសំណាល នារសៀលថ្ងៃសុក្រ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ជាមួយកុមារីដោយផ្ទាល់ រួមនិងឪពុកម្តាយ សាច់ញាតផង លោក ហាក់ សុខមករា បានសំដែងនូវការសោកស្តាយ ចំពោះទង្វើព្រៃផ្សៃអសិលធម៌ របស់ជនល្មើស ដែលបានប្រព្រឹត្តលើរាងកាយរបស់កុមារី ក្នុងវ័យជាអនីតិជន។
ជាមួយនោះដែរ លោកក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះឪពុកម្តាយកុមារីរងគ្រោះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ រងគ្រោះទាំងអស់ មិនថារងគ្រោះដោយអំពើរំលោភ ឬរងគ្រោះ ដោយគ្រោះធម្មជាតិក្តី សម្តេចតែងគិតគូរយកចិត្តទុកដាក់ដល់បងប្អូន ទោះបីសំភារនាំយកមកមានចំនួនតិចតួចក្តី តែគឺជាទឹកចិត្តអាណិតអាសូរ និងសេចក្តីមេត្តាដល់បងប្អូនទាំងអស់ ដោយមិនប្រកាន់ព៌ណសម្បុរ ជាតិសាសន៍ វណ្ណភាព ជំនឿសាសនា និងនិន្នាការនយោបាយឡើយ។
លោក ហាក់ សុខមករា បានបញ្ជាក់ថា ថវិកា និងសម្ភារដែលបានផ្តល់ជូនរួមមាន៖ អង្ករ៥០ គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, មី ១កេះ, ទឹកសុទ្ធ ១កេះ និងថវិកា ២០ម៉ឺនរៀល។ លុះបន្ទាប់មកទៀត លោកក៏បានឆ្លៀតជួបសួរសុខទុក្ខ លោកតានូ ស៊្រាន អាយុ ៦៧ឆ្នាំដែលជរា និងមានជម្ងឺប្រចាំកាយផង ដោយបានឧបត្តម្ភថវិកាចំនួន ២០០,០០០រៀលផងដែរ។
សូមបញ្ជាក់ថា បុរសម្នាក់ដែលជាពូ ក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១២៖៣០នាទី នៅបន្ទប់ទឹកផ្ទះរបស់ជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាព រំលោភលើកុមារីរងគ្រោះ ដែលជាក្មួយខ្លួនឯងហើយ នៅភូមិជ្រោយចង្ហារ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បើតាមសមត្ថកិច្ចជនសង្ស័យរូបនេះ មានឈ្មោះថា ឡូញ អ៊ឹម អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ចំណែកឯកុមារីរងគ្រោះ មានឈ្មោះ ជ.ស.ផ.ន អាយុ៩ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើដូចគ្នា ហើយនេះ មិនមែនលើកទី១ទេ ដែលជនសង្ស័យរំលោភក្មួយខ្លួនឯង គឺជាច្រើនលើក ច្រើនសាររួចមកហើយ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕