(កំពង់ឆ្នាំង)៖ នៅថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២គ្រួសារ និងបានចុះសួរសុខទុក្ខចាស់ឥតទីពឹងចំនួន ៤២គ្រួសារ រស់នៅស្រុករលាប្អៀរ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ផ្ទះទាំងពីរខ្នងនេះ ប្រើរយៈពេលសាងសង់អស់ចំនួន ៧០ថ្ងៃ ដែលផ្ទះនីមួយៗចំណាយថវិកា ៥,២៤៤.៥០ដុល្លារ មានទំហំ ៤ម៉ែត គុណ៦ម៉ែត សង់ពីថ្ម ប្រក់ហ្វីប្រូ ក្រាលការ៉ូ តតាកមុខផ្ទះស័ង្កសី និងចាក់សាបក្រោមតាកមុខផ្ទះ ៣ម៉ែត គុណ ៤ម៉ែត ត្រូវបានប្រគល់ជូនគ្រួសារទី១ ម្ចាស់ផ្ទះឈ្មោះ សៀង យ៉ាត អាយុ ៦៦ឆ្នាំ ពិការខ្វិនដៃជើង រស់នៅជាមួយចៅកំព្រា នៅភូមិតាលោក ឃុំជើងគ្រាវ ស្រុករលាប្អៀរ និងគ្រួសារទី២ ម្ចាស់ផ្ទះឈ្មោះ សួន អ៊ុន អាយុ ៥១ឆ្នាំ ស្ត្រីមេម៉ាយកូនមួយ កន្លងមករស់នៅក្រោមផ្ទះអ្នកជិតខាង នៅភូមិគោកណាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា រួមជាមួយលោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង ២ខ្នង និងប្រជាពលរដ្ឋទាំងអស់ ព្រមទាំងសូមផ្តាំផ្ញើឲ្យយកចិត្តទុកដាក់គិតគូរលើកកម្ពស់ជីវភាពគ្រួសារ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត ជាពិសេស ថែទាំសុខភាពឲ្យបានល្អ ពិសាទឹកឆ្អិនដាំពុះ មានអនាម័យក្នុងការរស់នៅ និងគេងក្នុងមុងជានិច្ច ជៀសវាងជំងឺគ្រុនឈាម-គ្រុនចាញ់ ដែលកំពុងរាលដាលលើមនុស្សគ្រប់វ័យ។
អំណោយសម្រាប់ប្រគល់ជូនម្ចាស់ផ្ទះថ្មីទាំងពីរ ក្នុងផ្ទះនីមួយៗទទួលបាន៖ អង្ករ មី ត្រីខ ចាន ឆ្នាំង វែក ស្លាបព្រា ខ្ទះ កន្ទេល សាប៊ូ ទឹកសុទ្ធ មុង ភួយ សារុង ក្រមា និងថវិកា១លានរៀល។ ដោយឡែក ចាស់ៗឥតទីពឹងដែលរស់នៅជិតខាងចំនួន ៤២គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា និងថវិកា ៥ម៉ឺនរៀល៕