(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់លិខិតសរសើរដល់អ្នកព័ត៌មានពីររូបមកពីអង្គភាពព័ត៌មាន Fresh News និង BTV បន្ទាប់ពីបានមើលឃើញថា អ្នកព័ត៌មានទាំងពីររូបនេះ តែងតែបានចោទសួរនូវសំណួរបែបបំផុសនៅក្នុងសន្និសីទព័ត៌មានដែលរៀបចំឡើង ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងទៅ។
អ្នកព័ត៌មានដែលទទួលបានលិខិតសរសើររៀបចំឡើងជាលើកដំបូងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានេះ រួមមាន៖ លោក វ៉ាន់ សារាយ និពន្ធនាយករង អង្គភាពព័ត៌មាន Fresh News និងកញ្ញា អាន សំណាង អ្នកព័ត៌មានទូរទស្សន៍ BTV។ ពិធីប្រគល់លិខិតសរសើរនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកដំបូង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងលិខិតសរសើរដែលចុះហត្ថលេខាដោយលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា «អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមសម្ដែងនូវការគោរពសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន និងចែកចាយព័ត៌មានជូនដល់សាធារណៈជនជូនដល់បេក្ខជនឆ្នើម ក្នុងការតាំងសំនួរបំផុសដ៏សកម្មតាមរយៈវេទិការសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យ»។
លោក ផៃ ស៊ីផាន បានបញ្ជាក់បន្ថែមក្នុងពិធីប្រគល់លិខិតសរសើរនោះថា ការប្រគល់លិខិតសរសើរនេះ បន្ទាប់ពីលោកបានសង្កេតឃើញអ្នកព័ត៌មានទាំងពីររូប តែងតែបានបំផុសសំណួរឡើងយ៉ាងផុលផុសក្នុងសន្និសីទព័ត៌មាននាពេលកន្លងទៅ ហើយទទួលបានការបកស្រាយលើបញ្ហានានាពីសំណាក់មន្ត្រី ដែលចូលរួមក្នុងសន្និសីទ កាន់តែច្បាស់ ដើម្បីបានជាព័ត៌មានបំភ្លឺកាន់តែច្បាស់លាស់សម្រាប់ប្រជាពលរដ្ឋ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ក៏បានអះអាងផងដែរថា លិខិតសរសើរនេះនឹងផ្តល់ជាបន្តបន្ទាប់ជូនដល់អ្នកព័ត៌មានដទៃទៀត ដែលពិនិត្យឃើញថាមានសកម្មភាពផុលផុសក្នុងការចោទសួរសំណួរក្នុងសន្និសីទព័ត៌មានរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាពេលក្រោយៗទៀត។
លោក វ៉ាន់ សារាយ បានចាត់ទុកការរៀបចំផ្តល់លិខិតសរសើរសម្រាប់អ្នកព័ត៌មានហ៊ានចោទសួរសំណួរក្តៅៗ និងចំៗបញ្ហានេះជារឿងដ៏ល្អសម្រាប់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល និងសម្រាប់លំហព័ត៌មាននៅកម្ពុជា។ លោកបានលើកឡើងថា លិខិតសរសើរនេះក្រៅពីបង្ហាញថាជាការលើកទឹកចិត្តដល់អ្នកព័ត៌មាន ឱ្យហ៊ានចោទសួរសំណួរ ឱ្យចំបញ្ហាហើយនោះ ក៏ជាការបង្ហាញថា អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជាបានបើកចិត្តកាន់តែទូលាយសម្រាប់អ្នកព័ត៌មាន ក្នុងការសួរនាំព័ត៌មានពាក់ព័ន្ធ បញ្ហាក្នុងសង្គម។ លោក សារាយ រំពឹងថា នឹងក្លាយទៅជាគំរូមួយសម្រាប់អ្នកនាំពាក្យទាំងអស់នៅតាមក្រសួងស្ថាប័នរបស់រដ្ឋ ហើយបើកចិត្តកាន់តែទូលាយសម្រាប់សំណួរ របស់អ្នកព័ត៌មាន។ ពោលមិនចាត់ទុកសំណួរក្តៅៗ និងចោទលើភាពអវិជ្ជមានមួយចំនួនពីសំណាក់អ្នកព័ត៌មានថា ជាសំណួរបែបផ្ចាញ់ផ្ចាល ឬជាសំណួរបែបសម្លាប់ អ្នកឆ្លើយនោះឡើយ។
«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គភាពព័ត៌មាន Fresh News ដែលបានផ្តល់ឱកាសឲ្យរូបខ្ញុំបានបំពេញភារកិច្ចក្នុងការចុះយកព័ត៌មានតាមស្ថាប័ន អង្គភាពនានា និងកម្មវិធីផ្សាយផ្ទាល់របស់សម្តេចតេជោ និងកម្មវិធីផ្សាយផ្ទាល់ផ្សេងៗជាច្រើន ហើយសម្រាប់លិខិតសរសើរមួយនេះខ្ញុំចាត់ទុកថា ជាលិខិតសរសើរសម្រាប់អង្គភាពដ៏ល្អរបស់ខ្ញុំ ដែលខ្ញុំកំពុងបម្រើការនៅទីនេះ» នេះបើតាមការបញ្ជាក់បន្ថែមពីលោក វ៉ាន់ សារាយ៕