(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារនៅថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការចូលរួមពីមន្រ្តីមន្ទីពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារក្តាម និងផ្សារកងកេង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងទៀតថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹកស្រស់ ណែម ប្រហុក ផ្អក ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ការដាក់តាំងលក់ទំនិញខូចគុណភាព ហួសកាលបរិច្ឆទប្រើប្រាស់ ភេស្ជ្ជ:កំប៉ុងចំនួន៧កំប៉ុង ស្មើរនឹង ១,៧៥គីឡូក្រាម នៅផ្សារហ័នឡឹគូ និងបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល តាមនីតិវិធី និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត។
ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕