(ក្រចេះ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ប៉ែន លីណាត អភិបាលស្តីទីខេត្តក្រចេះ បានប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជ័យលាភីការវាយតម្លៃការសិក្សាពីមុន (Recognition of Prior Learning) ដល់អ្នកជំនាញទេសចរណ៍ចំនួន ៣០រូប លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហកិច្ច និងជំនាញការិយល័យជួរមុខនៅសណ្ឋាគារ ហ៊ បុន្នី ខេត្តក្រចេះ ក្រោមកិច្ចសហការជាមួយអង្គការ SwissContact ក្នុងកម្មវិធីអភិវឌ្ឍជំនាញ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រដែលនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ប៉ាក់ សុខុម បានគូសបញ្ជាក់ថា ការវាយតម្លៃការសិក្សាពីមុន (Recognition of Prior Learning) គឺជាយុទ្ធសាស្ត្រមួយក្រសួងទេសចរណ៍ក្នុងការជំរុញការបណ្តុះបណ្តាល និងទទួលស្គាល់ជំនាញពិតប្រាកដរបស់អ្នកជំនាញទេសចរណ៍កម្ពុជា ជាពិសេសអ្នកជំនាញដែលកំពុង បម្រើការងារបច្ចុប្បន្នដែលមិនបានឆ្លងកាត់ការសិក្សានិងបណ្តុះបណ្តាលផ្លូវការ ហើយគ្មានវិញ្ញាបនបត្រទទួលស្គាល់កម្រិតជំនាញជាក់លាក់។
ការវាយតម្លៃការសិក្សាពីមុន នឹងបើកផ្លូវឲ្យអ្នកជំនាញមានឱកាសបន្តការសិក្សាជំនាញវិជ្ជាជិវៈទេសចរណ៍កម្រិតខ្ពស់បន្ថែមទៀត និងអាចអភិវឌ្ឍអាជីពការងារកាន់តែល្អប្រសើរ។
លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានរាយការណ៍ជូនអង្គពិធីនូវវឌ្ឍនភាពនៃវិស័យទេសចរណ៍ក្នុងខេត្ត ដោយមន្ទីរទេសចរណ៍បានរៀបចំបង្កើតរមណីយដ្ឋានធម្មជាតិចំនួន ១០កន្លែង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រចំនួន ៦កន្លែង សណ្ឋាគារមានចំនួន ១៤កន្លែង ស្មើនឹង ៥៦២បន្ទប់ ផ្ទះសំណាក់ចំនួន ៣៦កន្លែង ស្មើនឹង ៣៥៤បន្ទប់ ភោជនីយដ្ឋាន និងអារដ្ឋានមានចំនួន ៣៩កន្លែង ម៉ាស្សាសុខភាពចំនួន ៩កន្លែង ស្មើនឹង ៦៦គ្រែ សេវាកម្មកម្សាន្តទេសចរណ៍ សម្រាប់មនុស្សពេញវ័យចំនួន ១១កន្លែង ស្មើនឹង ៧៤បន្ទប់។
លោក ជួប រតនា បានបន្យថា បច្ចុប្បន្នតាមរយៈកិច្ចខិតខំរបស់មន្ទីរទេសចរណ៍ខេត្តក្រចេះកំពុងរៀបចំតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីបម្រើដល់ការកម្សាន្តសប្បាយជូនដល់ទេសចរជាតិនិងអន្តរជាតិ ក្នុងនោះមានឆ្នេរផ្តើមស្នេហ៍ ក្នុងសង្កាត់កោះទ្រង់ កោះព្រហ្មចារិយ៍ សហគមន៍អេកូទេសចរណ៍ កោះសាមសិប និងកោះដំបង និងបន្តពង្រឹងគុណភាពសេវាកម្មទាំងមូលដ្ឋានអាជីវកម្មក្នុងខេត្ត និងសហគមន៍ទេសចរណ៍។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា កត្តានេះបានធ្វើឲ្យមានកំណើនទេសចរសរុបចំនួន ៨៣.៤៤២នាក់ កំណើនក្នុងអត្រា ២,៩១% ដោយភ្ញៀវអន្តរជាតិមានចំនួន ៨.៩២៦នាក់ កើនឡើង២,៨៦% នៅត្រីមាសទី១ ឆ្នាំ២០១៩៕