(ព្រៃវែង)៖ មន្ត្រីមន្ទីរកសិកម្មខេត្តព្រៃវែង បានបង្ក្រាបការនាំចូលសត្វជ្រូករស់ចំនួន ៣៤ក្បាល ពីវៀតណាមដែលក្រុមឈ្មួញប្រើរូបភាពដឹកតាមម៉ូតូមកស្តុកទុកនៅចំណុចភូមិសាស្ត្រ ភូមិស្វាយចេក ឃុំ ព្រៃឈរ ដែលមានព្រំប្រទល់រវាង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ករណីបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះថា ដោយ អនុវត្តតាមតាមសារាចររបស់ក្រសួងកសិកម្មស្តីពី វិធានការបន្ទាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក និងមានការណែនាំពីអភិបាលខេត្តព្រៃវែង មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង សហការជាក្រុមការងារអន្តរាគមន៍ បានបង្ក្រាបបទល្មើសការចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានល្បាតតាមដានជាប្រចាំ នៅតាមភូមិសាស្ត្រស្រុកជាប់ព្រំដែន ដើម្បីទប់ស្កាត់ឈ្មួញទុច្ចលបលួចនាំជ្រូករស់ និងផលិតផលសាច់ជ្រូកពីវៀតណាម។
លោកបានបន្តថា កម្លាំងជំនាញបានបង្ក្រាបបទល្មើសជាក់ស្តែង សត្វជ្រូកនៅកន្លែងប្រមូលផ្តុំលាក់ទុកចែកចាយ ដែលមានជ្រួករស់ចំនួន ៣៤ក្បាល ស្ថិតនៅចំណុចភូមិសាស្ត្រខាងលើ ដោយប្រើមធ្យោបាយ ដឹកតាមម៉ូតូ ចេញពីប្រទេសវៀតណាម តាមច្រកក្រាំងលាវ ភូមិស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានមន្ត្រីជំនាញ ធ្វើការបង្ក្រាបបទល្មើសនិង រឹបអូសវត្ថុតាងជ្រូកទាំងនោះ យកទៅរក្សាទុកនៅចត្តាឡីស័ករបស់គ្គនាយកដ្ខានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីចាត់ការតាមនីតិវិធីបន្ត។
លោក អ៊ុក សំណាង បានបញ្ជាក់ថា កម្លាំងជំនាញរបស់លោក មិនសូវបានដេកពូននោះទេ ដោយតែងតែចុះល្បាត និងស្ទាក់ចាប់ឃាត់បទល្មើសសត្វជាពិសេសសាច់ជ្រូក សត្វជ្រូករស់ដែលលួចនាំចូលពីប្រទេសជិតខាងខុសច្បាប់ ហើយធ្វើឲ្យបានដើម្បីសុខមាលភាពរបស់ពលរដ្ឋ ធានាបានការបរិភោគសាច់សត្វមិនប៉ះពាល់សុខភាព៕