(ភ្នំពេញ)៖ Mobile Legends Southeast Asia Cup 2019 ដែលមានរយៈពេល៣ថ្ងៃ ចាប់ផ្តើមការប្រកួតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Cellcard ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ក្រុមហ៊ុន Cellcard ដែលបានចាប់ដៃគូ ជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ក៏មានវត្តមាននៅទីនោះ ដើម្បីគាំទ្រដល់ Team Diversity Helheim ដែលទទួលបានជ័យលាភី ក្នុងវគ្គផ្តាច់ព្រ័តនៅប្រទេសកម្ពុជា កាលពីខែឧសភាកន្លងទៅ។ ក្រុមហ៊ុន Cellcard គឺជាអ្នកគាំទ្រយ៉ាងមុតមាំ នៅក្នុងការប្រកួត Mobile Legends តាមរយៈចាប់ដៃគូ ជាមួយនឹងក្រុមអ្នកបង្កើតហ្គេមចិន Moonton ។
ក្រុមហ៊ុន Cellcard រួមជាមួយនឹងលោក ប៊ុន ឡេង ដែលជាអ្នកមានឥទ្ធិពល ក្នុងបណ្តាញសង្គម ចេញមកពីការកម្មវិធី Net Idol គឺនឹងធ្វើការឡាយផ្ទាល់លើទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Cellcard អំពីការប្រកួតនេះ ដែលមានអ្នកចូលរួមរាប់ពាន់នាក់ពី៩ប្រទេស ក្នុងតំបន់អាស៊ាន (កម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី មីយ៉ានម៉ា ថៃ វៀតណាម និងឡាវ)។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានថ្លែងថា គ្រួសារ Cellcard ទាំងមូលមានជំនឿជាក់លើកីឡាករកម្ពុជា Team Diversity Helheim ។ លោក Watson បានបន្ថែមថា «ហ្គេមគឺជាវិស័យមួយ ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លា នៅទូទាំងពិភពលោក ហើយក្រុមហ៊ុន Cellcard នឹងដើរតួយ៉ាងសំខាន់ ក្នុងការនាំយកវាចូលមកប្រទេសកម្ពុជា»។
លោកបន្តថា «ពួកយើងនៅទីនោះដើម្បីគាំទ្រពួកគេ ហើយវាពិតជាមោទនភាពខ្លាំងណាស់ដែលបានបង្ហោះទង់ជាតិកម្ពុជានៅទីនោះ។ ពួកយើងនឹងធ្វើការសិក្សា អំពីព្រឹត្តិការណ៍ដ៏ធំនេះ ដើម្បីនាំយកការប្រកួត ខ្នាតកាន់តែធំថែមទៀត មកប្រទេសកម្ពុជា តាមរយៈការសហការគ្នារវាងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និងសមាគមន៍ហ្គេមអន្តរជាតិ»។
សូមបញ្ជាក់ថា អ្នកឈ្នះពានរង្វាន់សម្រាប់ការប្រកួតនេះ នឹងត្រឡប់មកផ្ទះវិញ ជាមួយនឹងរង្វាន់ទឹកប្រាក់ចំនួន ២៥,០០០ ដុល្លារ។
Mobile Legends: Bang Bang ត្រូវបានបង្កើតឡើង ជាពិសេសសម្រាប់កម្មវិធីហ្គេមលើទូរស័ព្ទដៃ ដែលអាចដាក់លើទូរស័ព្ទទាំងកម្មវិធី iOS និង Android។ វាគឺជាហ្គេមដែលក្រុមប្រយុទ្ធទាំងពីរ អាចប្រកួតគ្នា នៅលើសមរភូមិមួយ ដើម្បីកំចាត់សត្រូវនិងការពារខ្លួនឯងដែរ។ វាបានក្លាយទៅហ្គេមដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ីអាគ្នេយ៍។
ហ្គេមនេះ អាចលេងបានដោយសេរី និងមិនគិតថ្លៃ ដែលធ្វើឲ្យវាកាន់តែងាយស្រួលលេង បើប្រៀបធៀបទៅនឹងហ្គេមធំៗដទៃទៀត។ សម្រាប់ព័ត៌មានបន្ថែម ទៅលើការផ្តល់ជូនពិសេសរបស់ក្រុមហ៊ុន Cellcard និងព្រឹត្តិការណ៍ផ្សេងៗ សូមចូលទៅកាន់ www.cellcard.com.kh និងតាមដាន Facebook និង Instagram របស់ Cellcard Play ៕