(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញដាក់ឲ្យដំណើរការរដ្ឋបាលខណ្ឌកំបូល ព្រមទាំងប្រកាសឲ្យចូលកាន់តំណែងក្រុមប្រឹក្សា ខណ្ឌកំបូល អាណត្តិទី៣ ដែលមានលោក នៅ សារឿន ជាប្រធានក្រុមប្រឹក្សា និងមានសមាជិកចំនួន ១៧រូប។
ពិធីប្រកាសចូលកាន់តំណែង បានប្រារព្ធធ្វើនៅសាលាខណ្ឌកំបូល ដោយមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងរាជធានីភ្នំពេញ អភិបាលខណ្ឌ អធិការនគរបាល មេបញ្ជាការកង រាជអាវុធហត្ថ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋទូទាំងខណ្ឌកំបូលផងដែរ។
ក្នុងនោះលោក ឃួង ស្រេង បានជំរុញដល់ក្រុមប្រឹក្សាគណៈអភិបាល គណៈនាយករដ្ឋបាល ការិយាល័យ ជំនាញ មន្រ្តី រាជការ និងបុគ្គលិកទាំងអស់ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌកំបូល ដែលទើបត្រូវបានតែងតាំង និងប្រគល់ភារកិច្ចថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុក ដាក់បំរើប្រជាពលរដ្ឋឲ្យឆ្លើយតបទៅនឹងគោលការណ៍ «រដ្ឋបាលឯកភាព ធ្វើឲ្យបានធ្វើឲ្យបានលឿន ប្រកបដោយតម្លាភាព ជាពិសេសការផ្ដល់សេវាសាធារណៈកាន់តែខិតជិតជាមួយបងប្អូនប្រជាពលរដ្ឋ»។
នាឱកាសនោះ លោក ឃួង ស្រេង បានណែនាំដល់រដ្ឋបាលខណ្ឌថ្មី ក៏ដូចជា ក្រុមប្រឹក្សាដែលទើបនឹងទទួលបានការគាំទ្រ ពីការបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌកំបូល អាណត្តិទី៣ ត្រូវពង្រឹងការគ្រប់គ្រង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អ តាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្រសួងមហាផ្ទៃ សំដៅបំរើ ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងតម្លាភាព។
លោកបញ្ជាក់ថា «បើទោះជាខណ្ឌកំបូលទើបតែបង្កើតថ្មីក៏ដោយ ប៉ុន្តែមន្រ្តីបំរើការគ្រប់ផ្នែក ក្នុងរដ្ឋបាលខណ្ឌនេះ ភាគច្រើនជាមន្រ្តីដែលចេញមកពីខណ្ឌចាស់ ទាំងមន្រ្តីរដ្ឋបាលសាធារណៈ និងកម្លាំងមានសមត្ថកិច្ចជាពិសេស ប្រធាន និងសមាជិកទាំង ១៧រូប របស់ក្រុមប្រឹក្សាខណ្ឌ ជាមន្រ្តីដែលធ្លាប់បំរើការងារក្រោមរដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះត្រូវប្រឹងប្រែងបំរើប្រជាជនឱ្យបានល្អទ្វេរដង តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកឡើងកាលពីពេលកន្លងទៅនេះ»។
ជាមួយគ្នានោះ លោកអភិបាល ក៏បានជម្រាបជូនពីគោលបំណងដែលរាជរដ្ឋាភិបាលសម្រេចបង្កើតខណ្ឌថ្មីទាំងពីនេះឡើង មិនមែនដើម្បីចែកអំណាចគ្នានោះទេ គឺចង់ឱ្យអភិបាលខណ្ឌ ក៏ដូចជា ក្រុមប្រឹក្សាទាំងអស់ បានចុះទៅឱ្យបានកៀកកិតជាមួយប្រជាជន ស្តារបញ្ហា និងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅជាយៗរាជធានីភ្មំពេញ ទាំងការបំរើសេវាសាធារណៈ បញ្ហាការការពារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យជាដើម ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត។
សូមបញ្ជាក់ថា លោក ឃឹម ស៊ុនសូដា ជាអភិបាលខណ្ឌកំបូល ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នាសាលារាជធានីភ្នំពេញ។ ខណ្ឌកំបូល ត្រូវបានបង្កើតឡើងតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ ដោយបំបែកចេញពីខណ្ឌពោធិសែនជ័យ និងខណ្ឌដង្កោ ក្នុងនោះមានសង្កាត់ចំនួន៧ រួមមាន៖ សង្កាត់ កំបូល កន្ទោក ស្នោ ភ្លើងឆេះរទេះ ប្រទះឡាង ឪឡោក និងសង្កាត់បឹងធំ៕