(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានផ្តល់ថវិកា១លានអឺរ៉ូ (ជាង១លានដុល្លារ) អនុវត្តគម្រោងរយៈពេល ៣ឆ្នាំ គឺគម្រោង «ការពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានានូវលទ្ធភាពក្នុងការទទួលបាននូវសេវាសាធារណៈជាសារវ័ន្ត» ដែលអនុវត្តពីខែមករា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២១។
ពិធីផ្សព្វផ្សាយចាប់ផ្តើមអនុវត្តគម្រោងត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរងរាជធានី ភ្នំពេញ, លោក យឹម សុខុម ប្រធានស្តីទី សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត និងលោក VIAUT Franck ប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។
គម្រោងរយៈពេល ៣ឆ្នាំនេះ នឹងត្រូវអនុវត្តក្នុងភាពជាដៃគូរវាងសមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសាបារាំង (AIMF) សាលាក្រុងបារីស រដ្ឋបាលសាលារាជធានីភ្នំពេញ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត (NACPC) និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន (NLC) ដោយកំណត់លទ្ធផលរំពឹងទុកចំនួន៣រួមមាន៖
*លទ្ធផលទី១៖ ការកែលំអជីវភាពរស់នៅរបស់សហគមន៍នៅតាមដងប្រឡាយស្ទឹងមានជ័យ តាមរយៈការសម្របសម្រួលជាមួយរដ្ឋបាលនានា និងការលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាល រាជធានីភ្នំពេញ ក្នុងការធ្វើផែនការ និងការគ្រប់គ្រងតំបន់ប្រជុំជន។
*លទ្ធផលទី២៖ ការកែលំអការអនុវត្តច្បាប់ និងការសម្របសម្រួលរវាងរដ្ឋបាលនៅតាមថ្នាក់នានា ដោយប្រើប្រាស់លទ្ធផលពីគំនិតផ្តួចផ្តើមសាកល្បងនានា និងតាមរយៈយុទ្ធសាស្រ្តសម្របសម្រួលមតិ។
*លទ្ធផលទី៣៖ NACPC និង NLC ដំណើរការដើម្បីបំពេញបេសកកម្មរបស់ខ្លួនក្នុងការសម្របសម្រួលមតិ ការកសាងសមត្ថភាពសមាជិក ការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគម្រោងក៏មានវត្តមានផងដែរ ថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់ មូលដ្ឋាននៅតាម ២៥ រាជធានី ខេត្ត តំណាងអ្នកទទួលផលរបស់គម្រោងមកពីខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ និងតំណាងអង្គការសហគមន៍មូលដ្ឋានក្នុងសង្កាត់ស្ទឹងមានជ័យទី១៕