(សៀមរាប)៖ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាសន្ទនាជាមួយសង្គមស៊ីវិលក្នុងខេត្តសៀមរាប ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្ត សរុបចំនួន ២៩០នាក់។

ដោយមានការសហការពីរដ្ឋបាលខេត្តសៀមរាប វ.ស.ស. បានរៀបចំវេទិកាសន្ទនានេះ ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជានៅឆ្នាំ២០៣០។

វេទិកាសន្ទនាដ៏មានសារៈសំខាន់នេះ បានផ្តល់ឱកាសឱ្យអង្គការសង្គមស៊ីវិល អាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធ បានបញ្ចេញមតិយោបល់ដោយត្រង់ទៅត្រង់មក លើបញ្ហាប្រឈមជាក់ស្តែងក៏ដូចជាសំណូមពរនានា ដែលអង្គការសង្គមស៊ីវិលបានជួបប្រទះ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្រប។