(ភ្នំពេញ)៖ លោក លីវ សុវណ្ណា ត្រូវបានអង្គភាពគាំពារការពារក្តី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចាត់តាំងជាសហមេធាវីជាតិទីពីរ ដើម្បីតំណាងលោក នួន ជា នៅក្នុងសំណុំរឿង ០០២/០២។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពគាំពារការពារក្តី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។
លោក លីវ សុវណ្ណា គឺជាមេធាវីកម្ពុជាមួយរូប ដែលមានបទពិសោធន៍ជាង ១០ឆ្នាំ នៅក្នុងការប្រកបវិជ្ជាជីវៈឯកជន។ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ លោកជាអ្នកប្រឹក្សាច្បាប់នៅក្នុងក្រុមមេធាវីការពារក្តីលោក នួន ជា រាប់បញ្ចូលទាំងការងារនៅក្នុងអំឡុងពេលជំនុំជម្រះក្តីសំណុំរឿង ០០២/០២ ផងដែរ។
បច្ចុប្បន្នលោក លីវ សុវណ្ណា ជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៅទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការរងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកក៏ជាសាស្ត្រាចារ្យនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីផងដែរ។
លោក លីវ សុវណ្ណា មានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងបរិញ្ញាបត្រច្បាប់(ជំនាន់ទីពីរ) ពីសាលាបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។
តាមរយៈការចាត់តាំងថ្មីនេះ លោក លីវ សុវណ្ណា នឹងធ្វើការរួមគ្នាជាមួយលោក សុន អរុណ សហមេធាវីកម្ពុជា និងលោកស្រី DorcchCHEN សហមេធាវីបរទេស ដើម្បីតំណាងលោក នួន ជា នៅចំពោះមុខ អ.វ.ត.ក។ ចំពោះការចាត់តាំងនេះ អង្គភាពគាំពារការពារក្តី បានពិចារណាតាមបំណងរបស់លោក នួន ជា និងការលះបង់សិទ្ធិទំនាស់ផលប្រយោជន៍ទាំងអស់ដែលមានជាធរមាន៕