(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្រុមប្រឹក្សាធម្មនុញ្ញ (អគារស-វិមានរដ្ឋចំការមន) បានរៀបចំទិវាបូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងអាណត្តិ៣ឆ្នាំ លើកទី៧ (២០១៦-២០១៩) និងលើកទិសដៅការងារបន្តសម្រាប់អាណត្តិ៣ឆ្នាំ លើកទី៨ (២០១៩-២០២២) របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពលោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សមិទ្ធផលក្នុងរយៈពេល៣ឆ្នាំ នៃអាណត្តិទី៧នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងរួមចំណែកជាមួយស្ថាប័នកំពូលៗរបស់ជាតិ ក្នុងការធានាសុខសន្តិភាព និងស្ថេរភាពសង្គម ជាពិសេសការពង្រឹងគោលការណ៍សន្ដិសុខគតិយុត្តិដែលជាមូលដ្ឋានគ្រឹះនៃនីតិរដ្ឋ មានជាអាទិ៍ ការថ្វាយមតិព្រះមហាក្សត្រចំពោះសេចក្តីស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការដោះស្រាយវិវាទបោះឆ្នោត ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងសំណើផ្សេងៗទៀតតាមច្បាប់ជាធរមាន។

លោក អ៉ឹម ឈុនលឹម ក៏បានលើកឡើងផងដែរថា គុណតម្លៃស្នូលរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺ «គោរពនីតិរដ្ឋ ការពារឯករាជ្យ អនុវត្តអព្យាក្រឹតភាព» និងបានលើកឡើងនូវគោលគំនិតសម្រាប់អនុវត្តចំនួន៣សំខាន់ៗគឺ៖ ១. ការលើកកម្ពស់សុក្រឹតភាពនៅក្នុងការអនុវត្តសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ, ២. ពង្រឹងការជឿជាក់ និងការទុកចិត្តក្នុងចំណោមមជ្ឈដ្ឋានសាធារណៈ និងទី៣. បញ្រ្ជាបគោលការណ៍ធម្មនុញ្ញនិយមក្នុងការយល់ដឹងងរបស់មជ្ឈដ្ឋានសាធារណៈ។

សម្រាប់ចំណុចទី៣ លោក អ៉ឹម ឈុនលឹម បានផ្តួចផ្តើមគំនិតឱ្យមានការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិត គឺកម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាបឋមភូមិ និងកម្រិត មធ្យមសិក្សាទុតិយភូមិ។

ក្រៅពីភារកិច្ចស្នូលដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ លោក អ៉ឹម ឈុនលឹម ក៏បានលើកឡើងផងដែរថា ក្នុងរយៈពេល ៣ឆ្នាំ នៃអាណត្តិទី៧ឆ្នាំ ២០១៦-២០១៩ នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ បានធ្វើទំនាក់ទំនងល្អជាមួយនឹងបណ្តាប្រទេសនានាលើសាកលលោក។ ជាពិសេស បានអភិវឌ្ឍស្ថាប័ន និងពង្រឹងសមត្ថភាពនិងជីវភាពមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានកាន់តែល្អប្រសើឡើង។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបការងារអានដោយលោកអគ្គលេខាធិការ និងបន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងក្របខណ្ឌការងារនៃក្រុមប្រឹក្សាធមកមនុញ្ញរួចមក លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដាក់ចេញនូវទិសដៅការងារ និងអនុសាសន៍ដឹកនាំមួយចំនួនសម្រាប់អនុវត្តក្នុងអាណត្តិ៣ឆ្នាំ លើកទី៨(២០១៩- ២០២២) របស់ក្រុមប្រឹក្សាធម្មនុញ្ញ។

ទន្ទឹមនឹងនេះ លោក អ៉ឹម ឈុនលឹម បានថ្លែងកោតសរសើរចំពោះលោកអគ្គលេខាធិការ ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ និងមន្ត្រី បុគ្គលិកទាំងអស់ដែលបានរួមគ្នាខិតខំបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួនរហូតទទួលបាននូវលទ្ធផល គួរជាទីមោទនៈ និងបានណែនាំឱ្យអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបន្តសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័នសារពត៌មាន។ល។

លោក អ៉ឹម ឈុនលឹម ក៏បានលើកឡើងផងដែរថា ឆ្លងកាត់ការបំពេញភារកិច្ចក្នុងអាណត្តិ៣ឆ្នាំលើកទី៧ ក្រុមប្រឹក្សាធម្មនុញ្ញពិតជាមានមោទនភាពនឹងលទ្ធផលការងារដែលបានយកចិត្តទុកដាក់ខិតខំរួមគ្នាសម្រេចបានមកនេះ ហើយសម្រាប់រយៈពេលខាងមុខក្រុមប្រឹក្សាធម្មនុញ្ញ មានការជឿជាក់លើសក្តានុពលនៃធនធានមនុស្ស និងបទពិសោធនៃមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីឆ្ពោះទៅសម្រេចទិសដៅការងារសម្រាប់អាណត្តិ៣ឆ្នាំលើកទី៨ ខាងមុខទៀត។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ លោក អ៉ឹម ឈុនលឹម បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃរកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ជួយដោះស្រាយសំណូមពរដែលក្រុមប្រឹក្សាធម្មនុញ្ញបានគោរពស្នើសុំ។ ជាពិសេសនាពេលចុងក្រោយថ្មីៗនេះ សម្តេចតេជោ បានសម្រេចដោយសេចក្តីអនុគ្រោះបំផុតដោយផ្តល់ការបន្ថែមថវិកាលើជំពូក៦៤ ដែលនឹងបង្កើនប្រាក់បៀវត្សរបស់មន្ត្រីរាជការនៃក្រុមប្រឹក្សាធម្មនុញ្ញថែមទៀត។

លោក អ៉ឹម ឈុនលឹម បានចាត់ទុកការសម្រេចនេះ ជាការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់មន្ត្រីក្រុមប្រឹក្សាធម្មនុញ្ញបានមួយកម្រិតទៀត៕