(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៨៖២៩នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F31) មូលហេតុដោយសារមានអេស្កាវ៉ាទ័ររបស់ការដ្ឋាន Phnom Penh City Center (PPCC) កាយដីប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ផ្លូវលេខ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ (២)ផ្លូវសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក (៣)ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព (៤)ផ្លូវលេខ១៦៩ សង្កាត់វាល់វង់ (៥)ផ្លូវលេខ៨១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕