(កំពង់ធំ)៖ លោក សុខលូ អភិបាលខេត្តកំពង់ធំ នៅព្រឹកទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកស្ទោងនៃខេត្តកំពង់ធំ អាណត្តិទី៣ ចំនួន២១រូប។ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្ទោងនេះ ក៏មានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ នៅសាលាស្រុកស្ទោងខេត្តកំពង់ធំ។
លោក សុខ លូ បានថ្លែងអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីទើបតែងតាំងថ្មី ដែលត្រូវបានប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្ត ឱ្យបន្តដឹកនាំស្រុក ឱ្យមានការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យ ហើយជាការឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋ ត្រូវបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ពលរដ្ឋដោយស្មើភាព យុត្តិធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។
លោក សុខ លូ បានបន្តថា ការចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកស្ទោង ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា កំពុងបន្តអនុវត្តនូវកម្មវិធីកំណែទម្រង់នានា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហើយកិច្ចការអាទិ៍មានដូចជា៖
*ទី១៖ ការលើកកម្ពស់ទំនាក់ទំនងគណនេយ្យភាព រវាងក្រុមប្រឹក្សា និងគណៈអភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិសំដៅ ប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
*ទី២៖ ជំរុញផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល។
*ទី៣៖ បង្កើនធនធានថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើតផ្ទេរធនធានពីថ្នាក់ជាតិ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងសុចរិតភាព។
*ទី៤៖ លើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈ សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋ។
*ទី៥៖ លើកកម្ពស់សមត្ថភាពធនធានមនុស្ស និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកអនុវត្តនូវគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ របស់រាជរដ្ឋាភិបាល។
លោកអភិបាលខេត្តកំពង់ធំ ក៏បានណែនាំឱ្យមន្ត្រីក្រុមប្រឹក្សា គណ: អភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ព្រោះគ្រឿងញៀននាំមកនូវអំពើរហឹង្សាក្នុងគ្រួសារ ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នាពេលបច្ចុប្បន្ននេះផងដែរ៕