(ភ្នំពេញ)៖ លោក អ៉ឹម ឈុនលឹម ត្រូវបានសមាជិក សមាជិកាទាំង៩រូបនៃក្រុមប្រឹក្សាធម្មនុញ្ញ បោះឆ្នោតគាំទ្រជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិទី៨ ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។ ពិធីបោះឆ្នោតនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ។
ពិធីបោះឆ្នោតត្រូវបានធ្វើឡើងជាសម្ងាត់ ក្រោមអធិបតីភាពរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលមានអាយុច្រើនជាងគេ។ បន្ទាប់ពីបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាអាណត្តិថ្មី លោក អ៉ឹម ឈុនលឹម បានប្តេជ្ញាចិត្តថា នឹងគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងខិតខំបំពេញតួនាទីដែលជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការកសាងការពារព្រះ រាជាណាចក្រកម្ពុជាឱ្យក្លាយទៅជានីតិរដ្ឋ និងអភិវឌ្ឍន៍។
លោក អ៉ឹម ឈុនលឹម ជាអតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញក្នុងអាណត្តិទី៧ កាលពីឆ្នាំ២០១៦។
សូមបញ្ជាក់ថា ក្រៅពីការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិថ្មីហើយនោះ នៅព្រឹកមិញនេះ ក៏មានមានរៀបចំពិធីផ្ទេរតំណែងសមាជិក សមាជិកា ក្រុមប្រឹក្សាធម្មនុញ្ញចំនួន ០៣រូប ដែលបានចប់អាណត្តិ ឆ្នាំ២០១០-២០១៩ផងដែរ។ សមាជិក សមាជិកា ដែលចូលកំណែងអាណត្តិថ្មីមានរយៈពេល៩ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៨រួមមាន៖ ទី១. លោក ហ៉ី សោភា បោះឆ្នោតជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ២. លោកស្រី លី វួចឡេង បោះឆ្នោតជ្រើសតាំងដោយរដ្ឋសភាជាតិ និងទី៣. លោក កែវ ពុធរស្មី ត្រូវបានតែងតាំងដោយអង្គព្រះមហាក្សត្រ៕