(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ក្នុងឱកាសចូលរួមប្រកាសជាផ្លូវការ សមាសភាព សមាជិកក្រុមប្រឹក្សាស្រុកកំពង់សិលា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានណែនាំដល់សមាជិកក្រុមប្រឹក្សាស្រុកកំពង់សិលា អាណត្តិទី៣ ទាំងអស់ត្រូវធ្វើខ្លួនជាបុគ្គលនីតិប្រតិបត្តិ បំពេញការងារ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ជូនប្រជាពលរដ្ឋឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះ លោក យន្ត មីន បានក្រើនរំលឹកដល់សមាជិកក្រុមប្រឹក្សាស្រុកកំពង់សិលា ទើបតែងតំាងថ្មី ចំនួន១១រូប ដែលមាន លោក ដឹក ហ៊ួ ជាប្រធានក្រុមប្រឹក្សាស្រុកកំពង់សិលា ត្រូវខិតខំបំពេញការងារបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយអ្វីទេ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែរីកចម្រើនថែមទៀត។
លោកអភិបាលខេត្ត បានពន្យល់ថា ក្រុមប្រឹក្សាស្រុក មានតួនាទីបម្រើប្រជាពលរដ្ឋឲ្យបានដិតដល់ ហេតុដូច្នេះសមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវបំពេញតួនាទីឲ្យបានល្អ ជាមួយគណៈអភិបាលស្រុក មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល ដោយឈរលើមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ និងគោលការណ៍នានារបស់រដ្ឋ ថ្វីត្បិតស្រុកកំពង់សិលា មិនទាន់មានបញ្ហាប្រឈម និងបរិស្ថានកើតឡើងទេ។ ដូច្នេះត្រូវបន្តចុះអប់រំផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ គោរពច្បាប់ និងយកច្បាប់ជាគោល ដើម្បីធានាសុវត្ថិភាពភាពស្មោះត្រង់ ដល់ប្រជាពលរដ្ឋ ក្នុងការដឹកនាំធ្វើជាគំរូល្អ សម្រាប់ទាំងអស់គ្នា។
ឆ្លៀតឱកាសនេះ លោក យន្ត មីន ក៏បានអំពាវនាវដល់សមាជិកក្រុមប្រឹក្សាស្រុកកំពង់សិលា និងផ្នែកពាក់ព័ន្ធ ត្រូវរក្សាព្រៃឈើក្នុងមូលដ្ឋាននេះ កុំឲ្យបាត់បង់ ព្រោះព្រៃឈើអាចជួយកាត់បន្ថយកំដៅ និងព្យុះភ្លៀងបោកបក់។ ជាពិសេសជាងនេះ ត្រូវបំផុសឲ្យប្រជាពលរដ្ឋចេះស្រឡាញ់ព្រៃឈើ និងដាំដុះព្រៃឈើ នៅតាមលំនៅដ្ឋាន និងទីតាំងសមរម្យណាមួយឲ្យបានទាំងអស់គ្នា។
លោក យន្ត មីន បានឲ្យដឹងដូច្នេះ រួចបានរំលឹកដល់សមាជិកក្រុមប្រឹក្សាស្រុកកំពង់សិលា អាណត្តថ្មីនេះ ឲ្យបន្ដថា ការលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ សំដៅអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបតាមតម្រូវការនានារបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។
អភិបាលខេត្តរូបនេះ បានសង្កត់ធ្ងន់ថា សមាជិក សមាជិកាក្រុមប្រឹក្សា ដែលទើបតែងតំាងថ្មី ត្រូវពិនិត្យទៅលើច្បាប់ ស្តីពីការគ្រប់គ្រងក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ និងរាជធានី ខេត្ត ឲ្យយល់ជ្រួតជ្រាប ដើម្បីពង្រឹងការងារទទួលខុសត្រូវរបស់ខ្លួនឲ្យបានល្អ។
ជាពិសេសជាងនេះ ដើម្បីសម្រេចបាននូវកិច្ចការងារ ចាំបាច់នានា នៅក្នុងមូលដ្ឋានស្រុកកំពង់សិលា គឺចាំបាច់ត្រូវរួមគ្នាខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ គោរពច្បាប់គោរពគោលការណ៍ និងពង្រឹងរបៀបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ របស់មន្ត្រីរាជការ ក្នុងការបំពេញតួនាទីភារកិច្ចការងារ សំដៅអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។
លោក យន្ត មីន សង្ឃឹមថា ក្រុមប្រឹក្សាគណៈអភិបាល និងមន្ត្រីអ្នកមុខអ្នកការ ព្រមទាំងប្រជាពលរដ្ឋ រស់នៅមូលដ្ឋានស្រុកកំពង់សិលាទាំងអស់ និងខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀតនេះ៕