(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ពិធីសម្ពោធនេះ មានការចូលរួមពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាបរិវេណសាលាស្រុកស្ទឹងហាវ។
អភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា បានឲ្យដឹងថា ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកស្ទឹងហាវ បានដាក់ឲ្យដំណើរការនៅពេលនេះ ដើម្បីផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល ដើម្បីកាត់បន្ថយការចំណាយពេលវេលា បង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ និងបង្ខិតសេវានានាឲ្យមកជិត ឬកៀកប្រជាពលរដ្ឋ។
លោកអភិបាលស្រុកបន្តថា ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៨ អាជ្ញាធរស្រុកស្ទឹងហាវ បានផ្ដល់សេវាផ្សេងៗ ជូនប្រជាពលរដ្ឋចប់សព្វគ្រប់ជាស្ថាពរចំនួន ៤,៣៨៨ច្បាប់ និងមានប្រជាពលរដ្ឋមកទទួលសេវាសរុប ២,១០៦នាក់។
នាឱកាសនោះដែរ លោក យន្ត មីន បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការការិយាល័យច្រក ចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកស្ទឹងហាវ នៅពេលនេះ គឺជាការផ្ដល់សិទ្ធិសម្រេចក្នុងការទទួលខុសត្រូវដល់ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក ដែលជាតំណាងរាជរដ្ឋាភិបាល នៅថ្នាក់ស្រុក ក្នុងការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋចំនួន១៤វិស័យ។ ក្នុងនោះមានវិស័យជំនាញចំនួន១០ ដែលក្រសួងស្ថាប័នពាក់ព័ន្ធ បានធ្វើប្រតិភូកម្ម និងវិស័យផ្ទាល់ចំនួន៤ បានដាក់មកឲ្យថ្នាក់មូលដ្ឋានស្រុកសម្រេច។
លោក យន្ត មីន បានបន្តថា ក្នុងវិស័យទាំង១៤ មានសេវារហូតដល់២១១សេវា ដែលរដ្ឋបាលស្រុកស្ទឹងហាវ ត្រូវអនុវត្តផ្ដល់សេវារដ្ឋបាលដោយផ្ទាល់ ដើម្បីឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ដោយឡែកចំពោះការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ស្រុក គឺបង្កើតឡើងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវា និងការអភិវឌ្ឍន៍នៅមូលដ្ឋាន តាមរយៈពង្រឹងតួនាទី ភារកិច្ច របស់រដ្ឋបាលស្រុក ក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលប្រកបដោយតម្លាភាពគណនេយ្យភាព ប្រសិទ្ធភាព សំដៅបង្កើនជំនឿទុក ចិត្តប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោក យន្ត មីន បានគូសបញ្ជាក់ថា ចំពោះការធ្វើកំណែទម្រង់ថ្មី វាប្រាកដជាមានអ្វីថ្មី ខុសពីទម្លាប់មុនជាក់ជាមុនខាន ឬអាចកើតមាននូវចំណុចអសកម្ម មួយចំនួនផងដែរ ប្រសិនបើអ្នកពាក់ព័ន្ធមិនមានឆន្ទៈ ក្នុងការបំពេញការងារ តាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យស្របតាមគោលការណ៍ដែលបានដាក់ចេញនោះទេ។
ត្រង់ចំណុចនេះ លោកអភិបាលខេត្ត សង្កត់ធ្ងន់ថា ទាមទារឲ្យមន្ត្រីរាជការ ដែលជាអ្នកបម្រើរាស្រ្ត ត្រូវចេះបត់បែនទៅតាមពេលវេលា ដោយត្រូវអនុវត្តការងារ ទៅតាមរបត់ថ្មី នៃកំណែទម្រង់របស់រាជរដ្ឋាភិបាល ហើយត្រូវខិតខំប្រឹងប្រែងរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងនោះជាបន្តបន្ទាប់ ដើម្បីរួមចំណែកសម្រេចគោលដៅការធ្វើកំណែទម្រង់ របស់រាជរដ្ឋាភិបាលបានដាក់ចេញ៕