(ព្រះវិហារ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តព្រះវិហារថ្មី ដោយលោក អៀង គឹមថុល អតីតប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជំនួសលោក ទៀង សុថា ត្រូវផ្ទេរតំណែងទៅកាន់ជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរីវិញ។
ពិធីប្រកាសចូលកាន់តំណែងថ្មីនេះ ក៏មានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុកទាំង៨ផងដែរ។
លោក អង្គ វង្សវឌ្ឍានា បានចាត់ទុកថា ការប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តព្រះវិហារថ្មីនៅពេលនេះ មិនមែនជារឿងចម្លែកនោះទេ ព្រោះឲ្យតែដល់ពេលវេលា ដែលបានចែង ចំពោះអាណត្តិនៃការកាន់តំណែងប្រធានសាលាដំបូងរាជធានី ខេត្តនីមួយៗ គឺត្រូវតែដូរហើយ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានណែនាំឲ្យប្រធានសាលាដំបូងខេត្តព្រះវិហារថ្មី ត្រូវសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តន៍ តួនាទី ភារកិច្ចឱ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕