(កោះកុង)៖ ក្រុមការងារស្នាក់ការស្រែអំបិល បានធ្វើការល្បាតក្នុងភូមិសាស្ត្រភូមិព្រះអង្គរកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង លុះដល់ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រុមល្បាតបានជួបប្រទះប្រជាពលរដ្ឋប្រហែល ២០០នាក់ បានមករារាំងបិទផ្លូវក្រុមការងារ និងឃាត់រថយន្តក្រុមការងារ មិនឲ្យធ្វើដំណើរត្រឡប់ទៅទីស្នាក់ការល្បាតវិញ។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះថា កម្លាំងក្រុមការងារជាប់ក្នុងការរារាំងនោះមាន កងរាជអាវុធហត្ថ ចំនួន២២នាក់ មន្ត្រីបរិស្ថានចំនួន៦នាក់ ជំនួយការរបស់អង្គរការចំនួន៤នាក់ និងជនបរទេសចំនួន២នាក់។
បើតាមអ្នកនាំពាក្យរូបនេះ បន្ទាប់ពីមានការរារាំងប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានរាយការណ៍ជូនអភិបាលខេត្ត ដើម្បីសុំអន្តរាគមន៍ ហើយត្រូវបានលោកស្រី មិថុនា ភូថង អភិបាលខេត្ត បញ្ជាទៅស្រុក និងឃុំ ចាត់កម្លាំងនគរបាលប៉ុស្តិ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល រួមជាមួយក្រុមល្បាត បានព្យាយាមធ្វើការសម្របសម្រួលដើម្បីឲ្យពួកគាត់បើកផ្លូវ តែពួកគាត់មិនព្រម។
មូលហេតុដែលប្រជាពលរដ្ឋតវ៉ា រារាំងបិទផ្លូវរបស់ក្រុមសមត្ថកិច្ចនេះ គឺពួកគេទាមទារឲ្យក្រុមល្បាតសន្យា ដោះលែងជនសង្ស័យដែលត្រូវបានចាប់ខ្លួន ហើយត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធករណីសង់ផ្ទះខុសច្បាប់លើដីឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង កាលពីសប្តាហ៍មុន។
យ៉ាងណាក៏ដោយ រហូតដល់យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារល្បាតបានសម្រេចចិត្តសម្រុកចេញពីការរារាំង និងពេលដែលសម្រុកចេញនោះ ក្រុមប្រជាពលរដ្ឋបានដេញតាម និងគប់ដុំថ្មមកលើកម្លាំងល្បាតធ្វើឲ្យបែកកញ្ចក់ឡាន និងក្រុមល្បាតបានបាញ់គំរាមឡើងលើ ចំនួន០៥គ្រាប់ ដើម្បីបញ្ឈប់ដំណើរដេញតាមពីសំណាក់ ក្រុមប្រជាពលរដ្ឋដែលរារាំង។
ទោះជាយ៉ាងណា លោក នេត្រ ភក្រ្ដា បានបង្ហើបថា បញ្ហានេះគ្រាន់តែជាការយល់ច្រឡំគ្នាតែប៉ុណ្ណោះ ហើយបច្ចុប្បន្នមន្ត្រីពាក់ព័ន្ធបាននិងកំពុងដោះស្រាយតាមនីតិវិធី៕