(ភ្នំពេញ)៖ ដោយសារតែកម្ពុជា ជាប្រទេសដែលផលិតសូត្របានល្អជាងគេនៅលើពិភពលោក ទើបសហគ្រិនស្រ្តីវ័យក្មេងម្នាក់អ្នកនាង វេង សេរីវឌ្ឍនា បានសម្រេចចិត្តចាប់ដៃគូសហការ ជាមួយនឹងក្រុមហ៊ុនជប៉ុន ឈ្មោះ iL BRiLLE Co.,Ltd ដើម្បីនាំយកនូវផលិតផលសាប៊ូលាងមុខពីប្រទេសជប៉ុន មកលក់នៅក្នុងប្រទេសកម្ពុជា ហើយគ្រោងបង្កើតជារោងចក្រផលិតសាប៊ូ ធ្វើពីសូត្រខ្មែរ និងគ្រឿងសម្អាងផ្សេងទៀតនាពេលខាងមុខនេះ សម្រាប់លក់ឱ្យប្រជាជនកម្ពុជា អាចប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់ និងនាំចេញទៅប្រកួតប្រជែង លើទីផ្សារអន្តរជាតិ។
អ្នកនាង វេង សេរីវឌ្ឍនា បានរៀបរាប់យ៉ាងដូចនេះថា តាមពិតទៅគោលដៅធំបំផុតរបស់អ្នកនាង មិនមែនគ្រាន់តែនាំយកផលិតពីប្រទេសជប៉ុន មកលក់នៅក្នុងប្រទេសកម្ពុជា តែមួយមុខនោះទេ ពោលគឺអ្នកនាងចង់បង្កើតជារោងចក្រផលិតដោយខ្លួនឯង ហើយយកសូត្រដែលផលិតបានដោយកសិករខ្មែរ យកមកធ្វើជាសាប៊ូ និងកែច្នៃជាគ្រឿងសម្អាងផ្សេងទៀត ដែលរួមមានដូចជា ម៉ាសបិទមុខ និងឡេលាបមុខ ជាដើម ដែលយកបច្ចេកទេស និងស្តង់ដាតាមក្រុមហ៊ុនជប៉ុន iL BRiLLECo.,Ltd សុទ្ធសាធ។
សហគ្រិនស្រ្តីរូបនេះ បានបន្តទៀតថា «ប្រទេសកម្ពុជាយើងជាប្រទេសដែលផលិតសូត្រ និងក្រណាត់បានល្អជាងគេនៅលើពិភពលោក ប៉ុន្តែយើងមិនបានកែច្នៃសូត្រទាំងអស់នោះ ឱ្យអស់ពីលទ្ធភាពដូចប្រទេសជប៉ុននោះទេ ហើយការផលិតក៏នៅមានបរិមាណតិចតួចផងដែរ។ ដូច្នេះគាត់ចង់ចូលរួមចំណែកលើកស្ទួយវិស័យសូត្រនៅកម្ពុជា ឱ្យមានការរីកចម្រើនកាន់តែខ្លាំង និងដើម្បីទាក់ទាញវិនិយោគិនជប៉ុន មករកស៊ីលើការកែច្នៃសូត្រនៅកម្ពុជា ទៅជាផលិតផលប្រើប្រាស់ផ្សេងៗដូចជា អាហារបំប៉ន សាប៊ូថែរក្សាសក់ ការ៉េម និងធ្វើជានំខេក ច្រើនបន្ថែមទៀត»។
សហគ្រិនវ័យ២៩ឆ្នាំ បានសង្កត់ធ្ងន់ដែរថា ក្រុមហ៊ុនដែលខ្លួនកំពុងសហការជាមួយសព្វថ្ងៃនេះ ជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងប្រទេសជប៉ុន ដែលមានជំនាញខ្ពស់ លើការកែច្នៃសូត្រ ឱ្យទៅជាផលិតផលសាប៊ូលាងមុខ និងសាប៊ូផ្សេងៗទៀត។ ចំណែកឯការសហការវាង អ្នកនាង និងក្រុមហ៊ុនជប៉ុនមួយនេះទៀត គឺបានសហការជាមួយគ្នាតាំងពីឆ្នាំ២០១៨ មកម្លេះ ហើយកាលពីពេលថ្មីៗនេះ ក៏មានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ក្រសួងពាណិជ្ជកម្ម ផងដែរ៕