(កំពង់ធំ)៖ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមពិធីសន្និបាតបូកសរុបការងារ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាអាណត្តិទី៣ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមលោក ប្រែង សាវុធ ប្រធានគ.ខ.ប ខេត្តកំពង់ធំ និងលោក លោកស្រី អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល មេឃុំចៅសង្កាត់ ក្រុមចុះឈ្មោះបោះឆ្នោត និងមន្រ្តីបុគ្គលិ គ.ខ.ប និង ល.ខ.ប សរុប២២១នាក់។
លោក ប្រែង សាវុធ បានធ្វើការបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានីខេត្ត ក្រុង ស្រុក ខ័ណ្ឌ អាណត្តិទី ៣ឆ្នាំ ២០១៩ និង ការរៀបចំការិយាល័យពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានផលអវិជ្ជមានតាមភូមិ មិនមានតុកៅអីគ្រប់គ្រាន់ ហើយមានផលវិបាក នូវគ្រោះទឹកភ្លៀង និងខ្យល់កន្ត្រាក់។
លោកបន្ដថា ឃុំខ្លះមានផ្លូវលំបាកឆ្ងាយពីសាលាឃុំ មិនសូវមានសេវាអ៊ីនធឺណេតគ្រប់គ្រាន់ ក្នុងការបញ្ជូនទិន្នន័យ ប្រជាពលរដ្ឋមួយចំនួនខ្វះឯកសារ កម្មករធ្វើការចំណាកស្រុក ដូច្នេះសំណូមពរដល់អាជ្ញាធរឃុំសង្កាត់ពិសេស នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំសង្កាត់ធ្វើការផ្សព្វផ្សាយ ជូនដំណឹងជាសាធារណៈ ដល់ប្រជាពលរដ្ឋ ដែលប្រើអត្តសញ្ញាណប័ណ្ណប្រភេទ១ ឬប្រភេទ២ អស់សុពលភាព ហើយឲ្យពួកគាត់មកជួប នគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីសុំធ្វើអត្តសញ្ញាណបានថ្មី និងផ្សព្វផ្សាយឲ្យបានទូលំទូលាយច្រើនដង ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់ នៃការចុះឈ្មោះបោះឆ្នោត។
លោក ញឹក បានខេង បានបញ្ជាក់ថា ការចុះឈ្មោះប្រចាំ ឆ្នាំ២០១៩ ត្រូវមានការត្រៀមលក្ខណៈនូវសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ព្រមទាំងមានឯកសារភផ្សេងៗ។ ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ ប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជានីតិវិធី និងប្រតិទិនរបស់ គ.ជ.ប ជាបន្តបន្ទាប់ រហូតដល់បញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងបូកសរុបលទ្ធផល។
ជាចុងក្រោយ លោកបានថ្លែអំណរគុណដល់ អាជ្ញាធរដែនដី និងសមត្ថកិច្ច សន្តិសុខគ្រប់លដាប់ថ្នាក់ បានផ្តល់ទំនាក់ទំនង សហការជាមួយគ.ខ.ប ធានាសុវត្ថិភាព គ្រប់ទីកន្លែងចាប់ពីការចុះឈ្មោះ ការឃោសនាបោះឆ្នោតរបស់គណបក្យនយោបាយ និងការិយាល័យបោះឆ្នោតដោយពុំមានការភ័យខ្លាច និងអំពើហិង្សាកើតមានឡើងដោយប្រការណាមួយឡើយ ហើយអ្នកគាំទ្រសុទ្ធតែបានចូលរួមចណែកក្នុងការគោរពច្បាប់ បទញ្ជា នីតិវិធី និងក្រមសីលធម៌ ធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់ល្អ៕